ខេត្តសៀមរាប ៖ សាលារៀនមួយខ្នងដែលមានសភាពចាស់ទ្រុឌទ្រោម ដំបូលប្រក់ស័ង្កសីកញ្ចាស់ច្រែះចាប់ សសរឈើ៤ជ្រុង មាន៣បន្ទប់ ជញ្ជាំងធ្វើពីធាងដូងមើលធ្លុះពីម្ខាងទៅម្ខាង ត្រូវបានគេបង្ហោះតាមហ្វេសប៊ុកឲ្យឃើញជាហេតុធ្វើឲ្យម្នាក់ៗឃើញភ្លាមស្រងាកចិត្តណាស់ កាលបើឃើញសាលាមួយខ្នងនេះមើលទៅគួរឲ្យកម្សត់ប្រៀបបានសាលារៀនក្នុងសម័យ ប៉ុល ពត នោះដែរ។
សាលារៀនមួយខ្នងនេះជាសាលាបឋមសិក្សានៅក្នុងឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាម ព្រោះតែគ្មានការចាប់អារម្មណ៍ពីមហាជន ក៏ដូចជារដ្ឋអំណាចមូលដ្ឋាន ធ្វើឲ្យសាលារៀនមួយនេះនៅឯកោ គ្មានអ្នកណាជួយសាងសង់ឲ្យបានសមរម្យដូចសាលារៀនឯទៀតនៅទូទាំងប្រទេសនោះឡើយ ។ អ្វីដែលគួរឲ្យហួសចិត្តទៀតនោះគឺជញ្ជាំងបាំងខណ្ឌថ្នាក់រៀនមានប្រហោងដោយស្លឹកដូងមើលឃើញពីថ្នាក់មួយទៅថ្នាក់មួយ ។
ករណីបែបនេះហើយទើបអ្នកគ្រូ លោកគ្រូ សូមអំពាវនាវសុំសប្បុរសជនជួយសាលាមួយនេះផង ជាពិសេសស្ថាប័នក្រសួងអប់រំយុវជននិងកីឡាតែម្តង ដោយផ្តល់ដំណឹងតាម លេខទូរស័ព្ទទំនាក់ទំនង 0979788847/098465687 លេខលោកគ្រូ អ្នកគ្រូនៅទីនោះ។
លោកគ្រូ អ្នកគ្រូ សង្ឃឹមថាបងប្អូនសប្បុរសជននឹងជួយក្មេងៗឲ្យមានសាលារៀនមួយនេះគ្រាន់បានសិក្សារៀនសូត្រសមរម្យដូចសិស្សឯទៀតនៅទូទាំងប្រទេសជាមិនខាន ។
នេះជាសាលារៀនទ្រុឌទ្រោមមួយទៀតដែលគេបង្ហោះនៅលើហ្វេសប៊ុកដើម្បីអំពាវនាវដល់សប្បុរសជនជួយសាងសង់ថ្មី បន្ទាប់ពីជិតមួយខែមុននេះនៅខេត្តព្រះវិហារក៏មានបែបនេះដែរ ហើយត្រូវប្រមុខរាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់ថ្មីជូន សិស្សានុសិស្សរួចហើយ ៕ ប្រាថ្នា