កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រងការចោទប្រកាន់ ពីបទធ្វើឲ្យស្ត្រីហៃទៃរាប់រយនាក់ មានផ្ទៃពោះ មានកូន ហើយចាកចេញចោលនាងៗ ឲ្យនៅកំព្រា មើលថែកូនតែម្នាក់ឯង ។
តាមរបាយការណ៍របស់ The Conversation បានផ្សាយថា«មានស្ត្រីជាច្រើន ក្នុងនោះមានក្មេងស្រី អាយុទើបតែ១២-១៣ឆ្នាំប៉ុណ្ណោះត្រូវបាន រំលោភបំពានផ្លូវភេទ ពីកងរក្សាសន្តិភាព បង្កឲ្យមានផ្ទៃពោះបង្កើតកូន ។ ចំណែកកងរក្សាសន្តិភាព ក៏បានចាកចេញពីទីនោះទុកឲ្យកូនកើតមកគ្មានឪពុក ។
តាមរបាយការណ៍ស្រាវជ្រាវបង្ហាញ តាមរយៈធ្វើបទសម្ភាសន៍ មនុស្ស២៥០០នាក់រស់នៅជិតទីតាំងកងរក្សាសន្តិសភាព បានលើកឡើងថា មានការរំលោភបំពានផ្លូវភេទ លួងលោមពីសំណាក់ទាហានរក្សាសន្តិសភាព ធ្វើឲ្យស្រីវ័យក្មេងនៅទីនោះជាច្រើន មានកូន គ្មានឪពុក ។ កងរក្សាសន្តិភាពនៅហៃទី ត្រូវបានគេហៅឈ្មោះថា Minustah ហើយទារកដែលកើតមកគ្មានឳពុក គេហៅថា« Minustah តូច»(កងរក្សាសន្តិភាពតូច) ។
ក្នុងចំណោមស្ត្រី២៦៥នាក់ដែលមានកូនជាមួយ កងរក្សាសន្តិភាព បានលើកឡើងថា ឪពុករបស់កុមារ គឺមកពី១៣ប្រទេស ប៉ុន្តែមានភាគច្រើនមកពី អ៊ុយរ៉ាហ្គាយនិងប្រេស៊ីល ។
តាមលទ្ធផលស្រាវជ្រាវ បង្ហាញឲ្យឃើញថា កងរក្សាសន្តិភាព នៅក្នុង ប្រទេសហៃទី បានចំណាយប្រាក់មួយចំនួន ជាការដោះដូរ និងការរួមភេទ ។ នៅក្នុងប្រទេសក្រីក្រ ប្រាក់ពិតជាមានតម្លៃជាងអ្វីៗទាំងអស់ ស្ត្រីៗនៅទីនោះ ក៏មិនខ្លាច ប្តូរការរួមភេទដើម្បីបានប្រាក់ ជាច្រើនពីកងរក្សាសន្តិភាព ។ លទ្ធផលចុងក្រោយគឺត្រូវចិញ្ចឹមកូន គ្មានឪពុករស់នៅវេទនាជាងមុនទៅទៀត ។ អង្គការសហប្រជាជាតិគួតែមានវិធានការជួយដល់ស្ត្រី ដែលមានកូនជាមួយកងរក្សាសន្តិភាព៕