ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត.! សមត្ថកិច្ចបានបញ្ជូនខ្លួន ជនទំនើង ជាថៅកែការ៉ាស់សាំង PTT ទៅតុលាការហើយ

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់អោយដឹងពីសមត្ថកិច្ច គឺជនទំនើងប្រើហិង្សាធ្វើទារុណ្ឌកម្មវាយនិងចងដៃ ជនរងគ្រោះជាគ្រូបង្រៀនដ៏ល្បីពេញ Facebook ត្រូវបាននាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៣រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។

សមត្ថកិច្ចបានបន្តថា៖ ពិតជាបានបញ្ជូនជនសង្ស័យ សារុន វិធុរ៉ាក់ ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួស្រូវ ខណ្ឌដង្កោ និងកូនអ្នកតំណាងរាស្ត្រ ច័ន្ទ សារុន ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់ការសួរនាំនៅអធិការដ្ឋានខណ្ឌ ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្រៀនម្នាក់ ហើយត្រូវបានចែកចាយព្រោងព្រាតនៅតាមបណ្ដាញសង្គម Facebook បង្ហាញនូវសកម្មភាពសហាវឃោឃៅ ល្បីពេញផ្ទៃប្រទេស។

សូមបញ្ជាក់ថា៖ ជនទំនើង អាងលុយ អាងអំណាច ចរិកពាល ជាថៅកែស្ថានីយ៍ប្រេង PTT ឈ្មោះ សារុន វិធុរ៉ាក់ ជាកូនរបស់លោក ច័ន្ទ សារុន តំណាងរាស្ដ្រមណ្ឌលតាកែវ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅរសៀលនេះ តាមដីកាចាត់តាំងតំណាងអយ្យការរបស់លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធអំពើហិង្សានេះ។ ដោយឡែក គ្រូបង្រៀនដែលជាជនរងគ្រោះនោះ ក៏ត្រូវបានតំណាងអយ្យការ ចេញដីកាកោះហៅឲ្យខ្លួនដូចគ្នា ហើយសមត្ថកិច្ចកំពុងនាំខ្លួនពីខេត្តតាកែវ មកតុលាការផងដែរ។

សូមបញ្ជាក់ថា ជនទំនើង សារុន វិធុរ៉ាក់ ត្រូវជាកូនប្រុសលោក ចាន់ សារុន អតីតរដ្ឋមន្ដ្រីក្រសួងកសិកម្ម និងបច្ចុប្បន្នជាតំណាងរាស្ដ្រមណ្ឌលតាកែវ និងបក្ខពួក បានរងការចោទប្រកាន់ ប្រើហិង្សាយ៉ាងធ្ងន់ធ្ងរ ទៅលើលោក អ៉ឹម សិរីរដ្ឋ ជាគ្រូបង្រៀនកាលពីយប់ថ្ងៃទី១៦ ខែធ្នូកន្លងទៅ នៅក្នុងបរិវេណស្ថានីយ៍ប្រេងរបស់ខ្លួន ដោយពួកគេចោទថា គ្រូបង្រៀនរូបនេះ បានចូលទៅអុកឡុក និងចូលក្នុងបន្ទប់ទឹកស្រី លួចថតនារីនៅក្នុងបន្ទប់ទឹកនោះ។

ជនសង្ស័យ សារុន វិធុរ៉ាក់ ថែមទាំងបង្ហោះវីដេអូ ពីសកម្មភាពប្រើហិង្សាធ្វើទារុណ្ឌកម្ម ដែលជំនើងនេះជាមេខ្លោងអោយកូនចៅវាយ និងរូបភាព លើកមេដៃជាមួយរូបគ្រូបង្រៀន ដោយចងដៃទៅក្រោយ និងចាប់បោចសក់នៅលើបណ្ដាញសង្គម Facebook ទៀតផង ដែលធ្វើឲ្យមហាជនជាច្រើនរិះគន់យ៉ាងចាស់ដៃ ចំពោះការប្រើអំពើហិង្សាខុសច្បាប់ទម្លាប់បែបនេះ ដោយបំពានច្បាប់។
សម្រាប់ករណីនេះ ក៏មានចោទចំៗទៅលើថៅកែស្ថានីយ៍ប្រេង PTT ជនទំនើង សារុន វិធុរ៉ាក់ ថាខុសទាំងស្រុងដោយសារខ្លួន មិនមែនជាមន្រ្តីសមត្ថកិច្ច ហើយទៅចាប់ចង និងបញ្ជាឲ្យកូនចៅវាយយ៉ាងដូច្នេះទេ នោះវាក្លាយជាបទល្មើសព្រហ្មទណ្ឌហើយ ដែលតំណាងអយ្យការតំណាងឲ្យរដ្ឋមានសិទ្ធិដាក់ពាក្យបណ្តឹងបាន បើទោះបីជនរងគ្រោះមិនបានដាក់ពាក្យប្តឹងក៏ដោយ។
ការឃាត់ខ្លួនជនទំនើង ថៅកែការ៉ាស់សាំង PTT បញ្ជូនទៅតុលាការ ជាសារមួយបង្ហាញអោយមជ្ឈដ្ឋានប្រជាពលដ្ឋបានដឹង ពីប្រទេសជាតិគ្រប់គ្រងដោយច្បាប់ សង្គមមានយុត្តិធម៍ និងមានភាពស្មើគ្នាក្នុងការទទួលខុសត្រូវចំពោះមុខច្បាប់ រាល់ជនប្រព្រឹត្តបទល្មើស៕ សុខ ខេមរា

 


ចែករំលែក៖