ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីស្រាអែលអាចជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មសង្គ្រាមនៅប៉ាឡេស្ទីន

ចែករំលែក៖

កន្លងមក​រដ្ឋាភិបាលប៉ាឡេស្ទីនបានស្នើឲ្យតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ ស្រាវជ្រាវពីឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសនេះ​ បង្កឡើងដោយ កម្លាំងទាហានអ៊ីស្រាអែល វាយប្រហារសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាច្រើន ។ ​នៅពេលនេះអ៊ីស្រាអែល​ប្រឆាំងនឹងតុលាការឧក្រិដ្ឋកម្មសង្គ្រាម ដែលសម្រេចស្រាវជ្រាវនៅប៉ាឡេស្ទីន ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតាន់យ៉ាងហ៊ូ បានបញ្ជាក់ថា តុលាការឧក្រិដ្ឋកម្មសង្គ្រាម មានសិទ្ធិស្រាវជ្រាវ ទៅតាមសំណើរបស់ប្រទេសដែលមានដែនអធិបតេយ្យពេញលេញតែប៉ុណ្ណោះ ។

តុលាការឧក្រិដ្ឋកម្មសង្គ្រាម​ ICC ​កាលពីថ្ងៃទី​២០ ខែធ្នូ ​បានប្រកាសថានឹងបើកការស្រាវជ្រាវ ពីឧក្រិដ្ឋកម្មសង្គ្រាមកើតឡើងនៅលើទឹកដីប៉ាឡេស្ទីនដែលបង្កឡើងដោយកម្លាំងទាហានអ៊ីស្រាអែល​ ។ ​ ប្រធានតុលាការ​ ICC ​ លោក​ Fatou Bensouda ​បានបញ្ជាក់ថា ការស្រាវជ្រាវជាបឋម ស្តីពី ឧក្រិដ្ឋកម្មសង្គ្រាម​នៅលើទឹកដីប៉ាឡេស្ទីន​ ចាប់ពីឆ្នាំ​២០១៥មក​​ ។ នៅពេលនេះតុលាការមាន ព័ត៌មាន គ្រប់គ្រាន់ដើម្បីបើកការស្រាវជ្រាវ​ជាទ្រង់ទ្រាយធំ ។

តុលាការឧក្រិដ្ឋកម្មសង្គ្រាម​ICC ​មានសិទ្ធ កាត់ក្តី​ ករណី​ឧក្រិដ្ឋកម្មសង្គ្រាម​ ប្រល័យពូជសាសន៍ ប្រឆាំងមនុស្សជាតិ​ ទៅលើប្រទេសចំនួន​១២៣ដែលជាសមាជិក​ ។ អ៊ីស្រាអែល គឺជាប្រទេស​ដែលមិនចូលរួម​ជាសមាជិក​ICC នោះឡើយ ដូច្នេះគ្មានសិទ្ធកាត់ក្តីអ៊ីស្រាអែលនោះដែរ ។ ចំណែកប៉ាឡេស្ទីន​គឺជាសមាជិក​ អាចស្នើឲ្យតុលាការត្រួតពិនិត្យ​បាន​ ។

ទាំងនោះហើយបានជាអ៊ីស្រាអែល​ប្រតិកម្មទៅលើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ​ ។ ​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​លោក Benjamin Netanyahu បានលើកឡើងថា តុលាការ​ ICC គ្មានសិទ្ធិ​ក្នុងការស្រាវជ្រាវ​ពីឧក្រិដ្ឋកម្មសង្គ្រាមនៅលើទឹកដីប៉ាឡេស្ទីននោះឡើយ​ ដោយប៉ាឡេស្ទីនមិនទាន់ទទួលស្គល់ជាផ្លូវការ​រដ្ឋអធិបតេយ្យ ។ លោក Benjamin Netanyahu​បញ្ជាក់ទៀតថា ICC មានសិទ្ធ ស្រាវជ្រាវតាមសំណើររបស់ប្រទេសដែល ជារដ្ឋអធិបតេយ្យតែប៉ុណ្ណោះ​ ។ ចំណែកប៉ាឡេស្ទីនមិនមែនជាប្រទេសឯករាជ្យនោះឡើយ៕


ចែករំលែក៖