ព័ត៌មានទាន់ហេតុការណ៍៖

ពៅ ពិសិដ្ឋ ចាត់ទុកឆ្នាំ ២០១៩ ជាឆ្នាំល្អសម្រាប់អាជីពសិល្បៈរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង ពៅ ពិសិដ្ឋ បានផ្តើមការងារសិល្បៈជាមួយបងស្រីកញ្ញា ពៅ លីដា អស់ជាច្រើនឆ្នាំមកហើយ ។ ទាំងរូបរាងស្រស់សង្ហា​ និងទេពកោសល្យសិល្បៈមានស្រាប់ និងឆ្លងកាត់ការហ្វឹកហាត់បន្ថែមបានធ្វើឲ្យតារាសម្តែងរូបនេះក្តាប់បានឱកាសជាបន្តបន្ទាប់ ហើយឆ្នាំ ២០១៩ នេះបានធ្វើឲ្យតារាប្រុសរូបនេះលេចមុខមាត់កាន់តែខ្លាំងជាមួយស្នាដៃធំៗមួយចំនួន ។

ការងារសម្រុកខ្លាំងរហូតរកពេលសម្រាកគ្មាន ជាអ្វីដែលធ្វើឲ្យតារាសម្តែងរូបនេះមានការពេញចិត្តជាខ្លាំង និងឆ្លុះបញ្ចាំងពីភាពជោគជ័យលើការងារសិល្បៈ រហូតលោកពៅ ពិសិដ្ឋ បានចាត់ទុកថាឆ្នាំ២០១៩នេះគឺជាឆ្នាំមាសថែមទៀតផង ។ តារាសម្តែងរូបនេះបញ្ជាក់ថា លោកទើបនឹងបញ្ចប់ការថតភាពយន្តជាច្រើនដែលសុទ្ធសឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ដូចជារឿង ភិរយាឥតខាន់ស្លា រឿង សម្ពាយបុណ្យ និងរឿង “បេះដូងខ្វះកម្តៅ” ដែលលោកបានសម្តែងជាតួឯក ។

លោកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំដែលលោកប្រឡូកក្នុងអាជីពសិល្បៈគឺមានភាពយន្តមិនក្រោម១៥រឿងទេ ដែលលោកបានចូលរួមសម្តែង ហើយឆ្នាំ២០១៩នេះ គឺជាឆ្នាំដែលលោកទទួលការងារច្រើនខ្លាំងមិននឹកស្មានដល់ ។

លោកថាពេលនេះលោកបាន និងកំពុងថតភាពយន្តខ្នាតធំថ្មីរបស់ផលិតករល្បីឈ្មោះអ្នកស្រីពាន់ ភួងបុប្ផា គឺរឿង”ពេលម៉ែចាស់ទៅ” ដែលនឹងចាក់បញ្ចាំងជាផ្លូវការក្នុងអំឡុងខែឧសភា ឆ្នាំ ២០២០ ។ ក្រៅពីភាពយន្តលោកក៏ទទួលបានការថតសម្តែងក្នុងបទចម្រៀងមួយចំនួន រួមទាំងភាពយន្តអប់រំខ្លីៗ និងឈុតផ្សព្វផ្សាយពាណិជ្ជកម្មតូចធំជាបន្តបន្ទាប់ ។ លោកថាទោះហត់នឿយច្រើនប៉ុន្តែលោកនៅតែសប្បាយចិត្តដែលការខិតខំប្រឹងប្រែងបំពេញក្នុងការងារសិល្បៈទទួលបានផ្លែផ្កាពីការខិតខំប្រឹងប្រែងកន្លងមក ។

ក្រៅពីការងារសិល្បៈលោកក៏មានមុខរបរថ្មីបន្ថែមគឺការងារលើផ្នែកអចលទ្រព្យជាមួយគ្រួសារ ហើយលោកក៏មានគម្រោងបើកហាងលក់សម្លៀកបំពាក់មួយដែលខ្លួនស្រឡាញ់នៅថ្ងៃខាងមុខផងដែរ ។ នៅដើមឆ្នាំ ២០២០នេះលោកក៏ទទួលបានគម្រោងការងារសិល្បៈជាច្រើនបន្ថែមទៀតដែលលោក រំពឹងដែរថានឹងថ្មីប្លែកហើយទទួលបានការគាំទ្រកាន់តែច្រើនពីទស្សនិកជន ។ វឌ្ឍនា


ចែករំលែក៖