ព័ត៌មានទាន់ហេតុការណ៍៖

នឿន នាគស៊ីណាត្រា ត្រៀមបង្ហាញសមត្ថភាព និងអត្តសញ្ញាណជាតិលើឆាកតន្ត្រីអន្តរជាតិនៅប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រុស នឿន នាគស៊ីណាត្រា ទទួលបានកិត្តិយសធំមួយក្នុងអាជីពសិល្បៈរបស់លោក ក្រោយពីតារារូបនេះទទួលបានការអញ្ជើញពីស្ថានីយទូរទស្សន៍ក្វាងស៊ី ប្រទេសចិន ឲ្យទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិដ៏សម្បើមមួយ ។ តារារូបនេះនឹងបញ្ចេញសមត្ថភាពច្រៀងបទចម្រៀងOriginal Song របស់ខ្លួនលើឆាកតន្ត្រីអម ដោយការបង្ហាញឈុតសម្លៀកបំពាក់បុរាណខ្មែរដែលជាអត្តសញ្ញាណជាតិខ្មែរក្នុងព្រឹត្តិការណ៍នេះផងដែរ ។

ថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនពេលចេញដំណើរកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៩នេះ តារាចម្រៀងឯករាជរូបនេះបានលើកឡើងថា លោកពិតជាមោទនភាព និងរំភើបរកអ្វីប្រៀបផ្ទឹមមិនបានក្រោយពីទទួលបានការអញ្ជើញ និងឱកាសក្លាយជាតារាចម្រៀងតំណាងប្រទេសកម្ពុជាចូលរួមព្រឹត្តិការណ៍ប្រគំតន្ត្រីឆ្លងឆ្នាំសាកល២០១៩ ចូល ២០២០ នៅទីក្រុងណាននីញ ខេត្តក្វាងស៊ីប្រទេសចិន និងមានការចូលរួមបង្ហាញបទចម្រៀងតំណាងជាតិពីសំណាក់តារាចម្រៀងមកពីបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក ។ តារារូបនេះលើកឡើងដែរថា ជាកម្មវិធីដែលឆ្លុះបញ្ចាំងពីសាមគ្គីភាព ទំនាក់ទំនងកិច្ចសហប្រតិបត្តិការណ៍លើផ្នែកសិល្បៈវប្បធម៌ ។

លោកថា លោកបានត្រៀមបទចម្រៀងជាច្រើនបទរួមទាំងការហ្វឹកហាត់ច្រៀងបទចម្រៀងរួមគ្នាជាមួយតារាចម្រៀងបរទេសផងដែរ ។ លោកថា ក្រៅពីសម្រិតសម្រាំងបទចម្រៀងថ្មីOriginal Song នេះដែរលោកក៏បានត្រៀមនូវសម្លៀកបំពាក់ជាច្រើនទម្រង់ពិសេសឈុតបែបប្រពៃណីខ្មែរ ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិខ្មែរ បង្ហាញនៅលើឆាកតន្ត្រីដ៏ធំមួយនេះ ។

លោកបញ្ជាក់ដែរថា កម្មវិធីប្រគំតន្ត្រីគឺមានតែមួយថ្ងៃប៉ុណ្ណគឺនៅឱកាសឆ្លងឆ្នាំតែម្តង ប៉ុន្តែមុនពេលសម្តែងដោយមានការផ្សាយបន្តផ្ទាល់យ៉ាងពិសេសនេះ លោក និងសិល្បករមកពីប្រទេសនានាទាំងអស់នឹងជួបជុំគ្នាដើម្បីធ្វើការហាត់សមបទចម្រៀងផ្ទាល់ខ្លួន និងបទចម្រៀងរួមគ្នាដើម្បីឲ្យប្រាកដថានឹងមិនមានអ្វីខុសឆ្គងនៅថ្ងៃពិធីជាផ្លូវការ ។

លោកថាមានតែលោកម្នាក់ប៉ុណ្ណោះដែលជាសិល្បករចេញទៅពីកម្ពុជា អបដោយអ្នកគ្រប់គ្រងផលិតកម្មវិធីនាស្ថានីយទូរទស្សន៍ Nice TV និងក្រុមការងារ៣នាក់ផ្សេងទៀត ។ លោករំពឹងថា ការចេញទៅបង្ហាញសមត្ថភាពនេះនឹងនាំមកនូវភាពជោគជ័យ និងជាឱកាសបង្ហាញពីសមត្ថភាព ទេពកោសល្យនៃការច្រៀង អមដោយអត្តសញ្ញាណជាតិខ្មែរនៅលើឆាកនេះផងដែរ ។ ជាមួយគ្នានេះលោកក៏អរគុណសម្រាប់ការលើកទឹកចិត្តគាំទ្រពីមិត្តរួមអាជីព អ្នកគាំទ្រ ដែលបានផ្តល់កម្លាំងចិត្ត និងពេញចិត្តនូវស្នាដៃបទចម្រៀងថ្មីដែលលោកបង្កើតឡើង ហើយលោកនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីនាំមកនូវមុខមាត់សម្រាប់ជាតិមាតុភូមិ៕ វឌ្ឍនា


ចែករំលែក៖