ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីបានជាប្រធានាធិបតី​ពូទីន អរគុណ សមភាគី​ដូណាល់ ត្រាំ?

ចែករំលែក៖

តាមការប្រកាសរបស់វិមាន ប្រធានាធិបតី​រុស្ស៊ី លោកពូទីន​ និងប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានជួបពិភាក្សា តាមទូរស័ព្ទ ​ជាលើកចុងក្រោយក្នុងឆ្នាំ​២០១៩ ហើយនៅក្នុងជំនួបពិភាក្សានោះ​លោក​ ពូទីន ​បានអរគុណដល់ លោកត្រាំ ដែលបានចែករំលែក​ព័ត៌មាន​ ជួយរុស្ស៊ីទប់ស្កាត់ការវាយប្រហារភេរវកម្ម នៅលើទឹកដីរុស្ស៊ី​។

នៅក្នុងសេចក្តីប្រកាស​របស់ វិមានក្រឹមឡាំង រុស្ស៊ីពុំបានបញ្ជាក់លម្អិតបន្ថែម អំពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំ នៃប្រទេសទាំងពីរឡើយ ដោយគ្រាន់ត្រឹមតែសង្កត់ធ្ងន់ថា បញ្ហាជាច្រើនពាក់ព័ន្ធផលប្រយោជន៍រួមរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោនត្រូវបានលើកមកពិភាក្សា ហើយលោកប្រធានាធិបតីនៃប្រទេសទាំងពីរ បានឯកភាពគ្នារក្សាការធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។

ក្រោយមកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី FSB បានបញ្ជាក់ថា ព័ត៌មានដែលផ្តល់ឲ្យដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានជួយនាំទៅរកការចាប់ខ្លួនជនជាតិរុស្ស៊ីពីរនាក់ ដែលបានសំងំរៀបចំគម្រោងវាយប្រហារភេរវកម្ម នៅតាមទីសាធារណៈមួយចំនួន ក្នុងទីក្រុងសេនភីធើស៍ប៊ឺក (St. Petersburg) កំឡុងឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ។

គួរជម្រាបថា កាលពីខែតុលា ឆ្នាំ២០១៩នេះ ប្រធានទីភ្នាក់ងារ FSB លោក អាឡេកសានដឺ បតនីកូវ (Aleksandr Bortnikov) បានបង្ហើបឲ្យដឹងអំពីការទាក់ទងគ្នារវាង ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃប្រទេសទាំងពីរ ដែលបានកើនឡើងសកម្មភាពខ្លាំង ទាំងក្នុងផ្នែកសន្តិសុខព័ត៌មានវិទ្យា និងផ្នែកដទៃទៀត។ ពេលនោះលោកបាននិយាយថា សហរដ្ឋអាមេរិកបានជួយផ្តល់ព័ត៌មានអំពីបុគ្គល ដែលមានផែនការអាក្រក់ ចង់វាយប្រហារភេរវកម្មនៅក្នុងប្រទេសរុស្ស៊ី។

កាលពីពីរឆ្នាំមុនទីក្រុងវ៉ាស៊ីនតោនបានផ្តល់ដំណឹងដល់ទីក្រុងម៉ូស្គូ អំពីគម្រោងបំផ្ទុះគ្រាប់បែក នៅព្រះវិហារគ្រឹស្តធំមួយក្នុងទីក្រុង St. Petersburg ខណៈរុស្ស៊ីវិញបានខិតខំជួយដល់ការស៊ើបអង្កេតរបស់អាមេរិក ជុំវិញករណីបំផ្ទុះគ្រាប់បែកក្នុងកម្មវិធីរត់ម៉ារ៉ាតុងនៅក្រុង បូស្តុន (Boston) កាលពីឆ្នាំ២០១៣៕


ចែករំលែក៖