ភ្នំពេញ៖ ស្ត្រីម្នាក់បានត្រឹមធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលដាក់ពាក្យបណ្តឹងបន្ទាប់ពីទុកម៉ូតូចាក់សោ.ក ត្រឹមត្រូវហើយចូលទៅធ្វើការចេញមកវិញត្រូវជនសង្ស័យលួចយកទៅបាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ក្នុងបរិវេណបុរី ប៊ុន ហួរ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ បាន សាមួន ភេទស្រី អាយុ២៣ឆ្នាំ កន្លែងកំណើតនៅខេត្តកំពត ជាបុគ្គលិកក្រុមហ៊ុន បច្ចុប្បន្នស្នាក់ក្នុងបុរី ប៊ុន ហួរ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា ម៉ូតូដែលជនសង្ស័យ កាច់សោ.ក យកនោះ ម៉ាកឌ្រីម សង់ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HM-9694 ។
ជនរងគ្រោះបានឲ្យដឹងថា ជារៀងរាល់ថ្ងៃ រូបគាត់តែងតែយកម៉ូតូមកទុកកន្លែងកើតហេតុ ហើយចូលទៅធ្វើការបាត់ លុះមកដល់ថ្ងៃកើតហេតុ ខណៈចេញពីធ្វើការវិញ មិនដឹងបាត់ម៉ូតូទៅណាផ្អើលឆោឡោឡើងទើបដឹងថា ត្រូវជនសង្ស័យលួចកាច់សោ.ក ទៅបាត់ ។
ក្រោយកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅទី២ ដើម្បីឲ្យសមត្ថកិច្ច កំណត់មុខសញ្ញា ចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ