ហ្វីលីពីនជាប្រទេសដែលប្រឈមនឹងការវាយប្រហារភេរវកម្មខ្ពស់ នាពេលកន្លងមក បង្ខំឲ្យរដ្ឋាភិបាល ត្រូវប្រកាសអាសន្ន ដាក់ច្បាប់អាជ្ញាសឹក នៅក្នុងតំបន់មួយចំនួនដែលអាចប្រឈមនឹងការវាយប្រហារពីភេរវកម្ម ពិសេសគឺដែនកោះមីនដាណាវ។
កាលពី២ឆ្នាំមុនកោះមីនដាណាវ ស្ថិតនៅក្នុងច្បាប់អាជ្ញាសឹក ហើយនៅដើមឆ្នាំ២០២០នេះ ច្បាប់នោះត្រូវបានលុបចោល ក្រោយពីស្ថានការណ៍នៅទីនោះ បានល្អប្រសើរឡើងវិញ ។ លោក Delfin Lorenzana រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនបានថ្លែងការណ៍ថា ច្បាប់អាជ្ញាសឹកមិនត្រូវបានស្នើឲ្យអនុវត្តនៅតំបន់អសន្តិសុខ មីនដាណាវ នោះទៀតទេ ដោយយោងទៅតាមអនុសាសន៍របស់ប្រធានាធិបតី Rodrigo Duterte ។
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនបន្តថា បញ្ហាសន្តិសុខនៅក្នុងតំបន់មួយនេះ មានភាពល្អប្រសើរជាងមុនគួរឲ្យកត់សម្គាល់ និងអាចជឿទុកចិត្តបានថា ស្ថិតក្រោមការគ្រប់គ្រងបានរបស់អាជ្ញាធរក្នុងតំបន់ បន្ទាប់ពីមានការបះបោរនៅទីនោះ ជាពិសេសការបះបោរនៅទីក្រុង ម៉ារ៉ាវី ខេត្ត Lanao del Sur និងតំបន់ផ្សេងៗទៀត នៅលើដែនកោះ មីនដាណាវនោះតែម្តង ។ ច្បាប់អាជ្ញាសឹកនេះបានបញ្ឈប់ការបះបោរទាំងនោះប្រកបដោយប្រសិទ្ធភាព។
លោក Lorenzana បានបញ្ជាក់ទៀតថា កងកម្លាំងសន្តិសុខ មានទំនុកចិត្តថា ពួកគេអាចរក្សាបាននូវសន្តិភាព និងសណ្តាប់ធ្នាប់នាពេលបច្ចុប្បន្ននៅតំបន់មីនដាណាវ ហើយការវាយប្រហារដែលស្រដៀងនឹងការវាយប្រហារនៅទីក្រុង ម៉ារ៉ាវី នោះ នឹងមិនអាចធ្វើឡើងដោយក្រុមសេសសល់របស់ក្រុមឧទ្ទាម Mautes ឬក្រុមភេរវករដទៃផ្សេងទៀត នៅពេលអនាគតបានឡើយ ” ។
គួររំលឹកថា ច្បាប់អាជ្ញាសឹកត្រូវបានហ្វីលីពីនប្រកាសដាក់ឲ្យអនុវត្តជាលើកដំបូងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ គឺក្រោយពេលមួយថ្ងៃដែលក្រុមឧទ្ទាម Maute ជាប់ទាក់ទងនឹងក្រុមរដ្ឋអ៊ីស្លាមISនោះ បានវាយប្រហារ នៅទីក្រុង ម៉ារ៉ាវី ស្ថិតនៅភាគខាងត្បូងរបស់ប្រទេសហ្វីលីពីន ។ ច្បាប់អាជ្ញាសឹកនេះ ត្រូវបានប្រកាសបន្តអនុវត្តពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧ ហើយនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ ការសមាជរបស់សភាហ្វីលីពីន ក៏បានសម្រេចបន្តអនុវត្តច្បាប់អាជ្ញាសឹកនេះ២លើកបន្ថែមទៀត រហូតមកដល់ពេលបច្ចុប្បន្ន ។
ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យយោធាហ្វីលីពីន លោកឧត្តមសេនីយ៍ទោ Edgard Arevalo បានថ្លែងថា មីនដាណាវ របស់ប្រទេសហ្វីលីពីន នឹងនៅតែស្ថិតក្នុងស្ថានភាពអាសន្ននៅឡើយទេ ។
គួរលើកមកនិយាយផងដែរថា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ លោកប្រធានាធិបតី Duterte បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ និងបានប្រកាសអំពីស្ថានភាពអាសន្នថ្នាក់ជាតិ ដែលគ្មានកាលកំណត់ចំពោះបញ្ហាអំពើហិង្សាខុសច្បាប់នៅលើទឹកដីដែនកោះមីនដាណាវ ។ ការណ៍នេះបានកើតឡើងបន្ទាប់ពីការបំផ្ទុះគ្រាប់បែកដ៏សាហាវមួយ កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៦ កើតឡើងនៅក្នុងទីក្រុងដាវ៉ាវបណ្តាលឱ្យមនុស្សស្លាប់១៤នាក់ និង៧០នាក់ផ្សេងទៀតរងរបួស ៕