ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ​២០២០​នេះអាចនឹងផ្ទុះសង្គ្រាម​​រវាង អាមេរិក នឹងអ៊ីរ៉ង់ដែរ ឬទេ?

ចែករំលែក៖

ទំនាក់ទំនងរវាងអាមេរិក នឹងអ៊ីរ៉ង់ មានសញ្ញា អាក្រក់ជាច្រើន ពេលឈានចូលឆ្នាំ​២០២០ អាចជំរុញឲ្យប្រទេសទាំងពីរផ្ទុះសង្គ្រាមនឹងគ្នា ដោយអាមេរិកចោទប្រកាន់អ៊ីរ៉ង់ជាអ្នកនៅពីក្រោយរាល់ការវាយប្រហារទៅលើទីតាំង អាមេរិក។

នៅថ្ងៃដំបូងដើមឆ្នាំ​២០២០ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ ចោទប្រកាន់អ៊ីរ៉ង់ នៅពីក្រោយការវាយប្រហារ​ស្ថានទូតអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់​​ ហើយសកម្មភាពខាងលើ ជាសញ្ញាអវិជ្ជមាន ​នៅក្នុងទំនាក់ទំនង​ រវាងអាមេរិក និងអ៊ីរ៉ង់ នាឆ្នាំ​២០២០នេះ ។ លោក ដូណាល់ ត្រាំ បានលើកឡើងថា អ៊ីរ៉ង់ នឹងត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះការវាយប្រហារស្ថានទូតអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់​។

កន្លងមក​ កម្លាំង​ទាហានអាមេរិក បានបើកការវាយប្រហារ​ទៅលើទីតាំង​របស់កម្លាំងទាហានប្រជាជនអ៊ីរ៉ាក់ គាំទ្រដោយអ៊ីរ៉ង់​​ ។ អាមេរិក​បានចោទប្រកាន់ក្រុមនេះថា ជាអ្នកនៅពីក្រោយការវាយប្រហារ ដោយមីស៊ីល​សម្លាប់មេការ​សំណង់​​អាមេរិក ដែលកំពុងសាងសង់​ទីតាំងយោធា នៅ​ភាគខាងជើង ប្រទេសអ៊ីរ៉ាក់​។

លោកត្រាំ បានប្រកាសថា ​«​ពេលនេះអ៊ីរ៉ង់​ ជាអ្នកនៅពីក្រោយការវាយប្រហារ​ទៅលើស្ថានទូតអាមេរិក​ នៅអ៊ីរ៉ាក់ ។ អ៊ីរ៉ង់ជាអ្នកទទួលសុខត្រូវទាំងស្រុង ហើយ​អាមេរិកសង្ឃឹមថា ​អ៊ីរ៉ាក់នឹងប្រើប្រាស់កម្លាំងរបស់ខ្លួនការពារស្ថានទូតអាមេរិក នៅក្នុងប្រទេសនេះ​»។

កាលពីថ្ងៃទី​៣១ ខែធ្នូ ​ឆ្នាំ​២០១៩ កម្លាំងទាហាន​ក្រុមស៊ីអ៊ីត​នៅអ៊ីរ៉ាក់​​ និងអ្នកគាំទ្រ​ បានសម្រុកចូលស្ថានទូតអាមេរិក​ ក្នុងពេលធ្វើបាតុកម្មប្រឆាំងអាមេរិក ដែល​បានវាយប្រហារតាមដែនអាកាស ទៅលើទីតាំងរបស់កម្លាំងទាហានស៊ីអ៊ីត​។

នេះជាសញ្ញាអាក្រក់​​ នៅឆ្នាំ ២០២០ រវាងអាមេរិក​ និងអ៊ីរ៉ង់ ដោយសារនៅថៃ្ងដំបូង នាឆ្នាំ​២០២០នេះ អាមេរិកបានចោទប្រកាន់ទៅលើអ៊ីរ៉ង់​ ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា​ នាពេលខាងមុខ ប្រទេសទាំងពីរ​អាចនឹងប្រឈមមុខតានតឹងដាក់គ្នាថែមថែមទៀត ៕


ចែករំលែក៖