ទីតាំងអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានរងនូវការបាញ់ប្រហារពីរ៉ុក្កែត៣គ្រាប់ចូលទៅកាន់បរិវេណអាកាសបណ្តាលឲ្យស្លាប់ និងរបួសមនុស្សជាច្រើននាក់ ។
តាមប្រភពព័ត៌មានអ៊ីរ៉ាក់បានផ្សាយថា ការវាយប្រហារនេះបណ្តាលឲ្យស្លាប់មនុស្ស៨នាក់ ក្នុងនោះមានមេដឹកនាំកងកម្លាំងចល័តប្រជាប្រិយម្នាក់ដែរ និងទាហានអ៊ីរ៉ាក់១២នាក់ផ្សេងទៀតរងរបួស ។
ការវាយប្រហារត្រូវបានគេរាយការណ៍ថា សម្តៅទៅលើរថយន្តប្រភេទ SUV ជាច្រើនគ្រឿងរបស់ក្រុមមេដឹកនាំគណៈកម្មការកងកម្លាំងចល័តប្រជាប្រិយ (PMF)ដែលជាក្រុមជីវពលពាក់កណ្តាលឯករាជ្យ ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ ហើយត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងជាមួយក្រុមភេរវកម្ម Daesh ឬ ISIL កាលពីឆ្នាំ២០១៤។
ភ្នាក់ងារព័ត៌មាន Sky News បានផ្សាយនៅលើបណ្តាញធ្វីតធើ របស់ខ្លួនថា ការវាយប្រហារនេះអាចនឹងស្លាប់មេដឹកនាំក្រុម PMF ឈ្មោះ Abu Mahdi Al-Muhandis និងឈ្មោះ Muhammad al-Kawtharani មេដឹកនាំមួយរូបរបស់ក្រុមលីបង់ហេសបូឡោះ ។ ប៉ុន្តែយ៉ាងណាក៏ដោយ គេនៅមិនទាន់រកបានប្រភពបញ្ជាក់ច្បាស់លាស់នៅឡើយទេ ។
ភ្នាក់ងារព័ត៌មាន AFP បានផ្សាយដកស្រង់មន្ត្រីសន្តិសុខអ៊ីរ៉ាក់ថា ការវាយប្រហារនេះស្លាប់មនុស្ស៨នាក់ ។ ការវាយប្រហារនេះ នៅមិនទាន់មានក្រុមណាមួយប្រកាសទទួលស្គាល់នៅឡើយទេ ។
គួរបញ្ជាក់ថា ការវាយប្រហារដោយរ៉ុក្កែតនេះកើតឡើងប៉ុន្មានថ្ងៃ ក្រោយក្រុមបាតុករអ៊ីរ៉ាក់រាប់ពាន់នាក់ប៉ុនប៉ងឡោមព័ទ្ធ និងដុតស្ថានទូតអាមេរិកនៅទីក្រុងបាដាដ ។ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនកងម៉ារីន១០០នាក់ និងឧទ្ធម្ភាគចក្រប្រយុទ្ធប្រភេទ Apache ជាច្រើនគ្រឿងទៅកាន់រដ្ឋធានីអ៊ីរ៉ាក់ពីប្រទេសគុយវ៉េតដែលនៅជិតខាង ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រអាមេរិកជាថ្មីម្តងទៀតចាប់ផ្តើមហោះហើរ ក្រោយព័ត៌មានថា មានការវាយប្រហាររ៉ុក្កែតចូលទីតាំងអាកាសយានដ្ឋាន ហើយដែលតាំងពីពេលនោះត្រូវបានបានបិទជាបណ្តោះអាសន្ន ៕