ពលរដ្ឋនៅជុំវិញពិភពលោកបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ខ្លាចសង្គ្រាមអាមេរិក និងអ៊ីរ៉ង់ផ្ទុះឡើងជាទ្រង់ទ្រាយធំ ក្រោយអ៊ីរ៉ង់ វាយប្រហារសងសឹកអាមេរិក ដែលសម្លាប់មេទ័ពរបស់ខ្លួន។ ប៉ុន្តែនៅពេលនេះស្ថានភាពបានល្អប្រសើរវិញហើយ ក្រោយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី Kelly Craft បានសរសេរលិខិតមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃទី៨ ខែមករាថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនដើម្បីចូលរួមដោយគ្មានលក្ខខណ្ឌជាមុន នៅក្នុងការចរចាដ៏ធ្ងន់ធ្ងរជាមួយអ៊ីរ៉ង់ ។
ប្រេសិតរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមដោយគ្មានលក្ខខណ្ឌជាមុន នៅក្នុងការចរចាយ៉ាងធ្ងន់ធ្ងរ ជាមួយប្រទេសអ៊ីរ៉ង់ ដោយមានគោលដៅទប់ស្កាត់ការបង្កគ្រោះថ្នាក់ដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ឬទប់ស្កាត់ការបង្ករឿងហេតុដោយរបបអ៊ីរ៉ង់ ។ នេះបើតាមការផ្សាយរបស់កាសែតរ៉យទ័រ ។
លោកឯកអគ្គរដ្ឋទូតក៏បានថ្លែងនៅក្នុងលិខិត ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរថា ការសម្លាប់មេបញ្ជាការអ៊ីរ៉ង់ លោក Qasem Soleimani កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០របស់អាមេរិកនោះ គឺសមហេតុសមផលទៅតាមមាត្រា ៥១ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ។
ប្រេសិតរូបនេះបានបន្ថែមថា “សហរដ្ឋអាមេរិកបានត្រៀមចាត់វិធានការបន្ថែមទៀតនៅក្នុងតំបន់ដែលចាំបាច់ ដើម្បីបន្តការពារបុគ្គលិក និងផលប្រយោជន៍របស់អាមេរិក” ។
ប្រទេសអ៊ីរ៉ង់បានបាញ់រ៉ុក្កែត២២គ្រាប់ ទៅលើមូលដ្ឋានយោធាជើងអាកាសអាមេរិក២កន្លែងនៅលើទឹកដីអ៊ីរ៉ាក់ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ដើម្បីសងសឹកប្រឆាំងតប់តនឹងការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ Qasem Soleimaniរបស់អាមេរិក ។ ការវាយប្រហាររបស់អ៊ីរ៉ង់នៅពេលនេះ មិនបានបណ្តាលឱ្យមនុស្សស្លាប់ ឬរងរបួសណាម្នាក់ឡើយ៕