ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ កម្លាំងនគរបាលខណ្ឌមានជ័យ បាននាំយកជនដៃដល់ ដែលសម្លាប់ស្ត្រីវ័យ៥០ឆ្នាំ នៅក្នុងបុរីវីឡាថោន ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីធ្វើត្រាប់ពីសកម្មភាពដែលជនល្មើសស្លាប់ជូនរងគ្រោះ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ ដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។ ចំណែក ជនរងគ្រោះមានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់ ផ្សារដេប៉ូ2 ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេប៉ូ។ ពួកគេទាំង២នាក់មានទំនាក់ទំនងស្រឡាញ់ភេទដូចគ្នា ។
គួរបញ្ជាក់ថាករណីឃាតកម្មខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅក្នុង VILLATOWN ផ្លូវលេខV16A ផ្ទះលេខL45A ក្នុងភូមិទួលរកាក្រុម១០ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពស្ត្រីរងគ្រោះមានឈ្មោះ សុខ លី ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរចងការប្រាក់ និងរាប់លុយ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ។ ដោយឡែកស្ត្រីជាឃាតក ឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ ដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា ។
តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះជាភេទទីបី ស្រីស្រទ្បាញ់ស្រី និងមានរបរជាអ្នកចងការប្រាក់។ ជនរងគ្រោះ ធ្លាប់មានទំនាក់ទំនង ជាមួយនឹងស្ត្រីសង្ស័យខាងលើ ជាយូរមកហើយ ដោយលួចទាក់ទងគ្នាស្ងាត់ៗ លាក់មិនឲ្យគ្រួសារដឹង។
ប្រភពដដែលបន្តថា ជនរងគ្រោះ មិនដែលធ្លាប់បាត់ចេញពីផ្ទះមួយយប់ទល់ភ្លឺម្តងណាទ្បើយ ហើយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះ បានបាត់ដំណឹងតេទូរស័ព្ទចូល តែមិនលើក ទើបធ្វើឲ្យសាច់ញាតិឆ្ងល់ និងមានការបារម្ភ។ លុះដល់វេលាម៉ោង១រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ស្រាប់តែក្រុមគ្រួសារសាច់ញាតិ បានលេចឮដំណឹងតាមទូរស័ព្ទតគ្នាថា ជនរងគ្រោះ បានស្លាប់នៅផ្ទះកើតហេតុខាងលើ ដោយមិនដឹងមូលហេតុ គ្រាន់តែឬដំណឹងបែបនេះ ពួកគាត់ជាសាច់ញាតិ បាននាំគ្នាទៅដល់ទីតាំងកើតហេតុ ។ នៅពេលនោះ ស្ត្រីជាជនសង្ស័យ បានបើកទ្វារផ្ទះឲ្យចូល ហើយនិយាយប្រាប់សាច់ញាតិសពថា ជនរងគ្រោះ បានស្លាប់ដោយសារហូបបាយ តែពេលពួកគាត់ ចូលមើលឃើញស្ត្រីរងគ្រោះ ដេកស្លាប់ដោយមានស្នាមក និងមានស្នាមចងដៃចងជើង ព្រមទាំងបាត់ចិញ្ចៀនពេជ្រ២វង់ តម្លៃជាង២ម៉ឺនដុល្លារ និងខ្សែករួមទាំងលុយមួយចំនួន ចំណែកម៉ូតូឌ្រីមសង់០១៩ និងទូរសព្ទ័ពីរគ្រឿង មិនបានបាត់ទេ ។
ភ្លាមៗនោះពួកគាត់ជាសាច់ញាតិ មិនអស់ចិត្ត ក៏សុំឲ្យសមត្ថកិច្ចមូលដ្ឋាន ចុះទៅកន្លែងកើត ដើម្បីធ្វើកោសល្យវិច័យ។ បន្ទាប់ពីខាងជំនាញត្រួតពិនិត្យរួច បានរកឃើញស្លាកស្នាមជាង១០កន្លែង នៅលើខ្លួនសព បានបញ្ជាក់ថា សពជនងគ្រោះ គឺស្លាប់ដោយសារផ្ទប់ដង្ហើម (ជាអំពើឃាតកម្ម) ទើបសមត្ថកិច្ចឃាត់ខ្លួនស្ត្រីជនដៃដល់ យកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជនដៃដល់ បានសារភាពថា រូបគេពិតជាបានសម្លាប់ជនរងគ្រោះប្រាកដមែន។ ចំណែកសព ក្រោយធ្វើកំណត់ហេតុរួច សមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យនៅវត្តថ្វាយបង្គុំខណ្ឌ៧មករា។
ក្នុងករណីនេះ សមត្ថកិច្ចកំពុងតែបន្តការសាកសួរបន្ថែមទៀត ដើម្បីស្វែងរកអ្នកណាខ្លះ ជាប់ពាក់ព័ន្ធនឹងករណីសម្លាប់ស្ត្រីខាងលើ ហើយនឹងយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ