ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹងស្តីពី ការព្យាករអាកាសធាតុលើកទី ១សម្រាប់រដូវប្រាំង (២០១៩-២០២០) និងដើមរដូវវស្សា ឆ្នាំ ២០២០

ចែករំលែក៖

បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍ លើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាប អំពីស្ថានភាពអាកាសធាតុ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ ២០២០ ដូចខាងក្រោម ៖

១- បាតុភូតសកល ៖
យោងតាមការពិនិត្យ តាមដាន និងការព្យាករ ស្ថានភាពសីតុណ្ហភាពលើផ្ទៃសមុទ្រ ប៉ាស៊ីហ្វិកក្បែរខ្សែអេក្វាទ័រ បានបង្ហាញឲ្យឃើញថា នារដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ ២០២០ នេះ ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីបាតុភូតអែនសូ ( ENSO ) ឬបាតុភូតអន្តរកាល ពោលគឺជាបាតុភូតមួយ ដែលស្ថិតនៅចន្លោះបាតុភូត El Nino និង La Nina ។ ជាស្ថានភាពជាក់ស្តែង នាពេលបច្ចុប្បន្ន បាតុភូតធម្មជាតិដែលមានឥទ្ធិពលមកលើអាកាសធាតុព្រះរាជាណាចក្រកម្ពុជាមាន ៖ បាតុភូត ENSO មាន ៦០ % បាតុភូត La Nina ( ត្រជាក់ ) មាន ២០ % និងបាតុភូត El Nino ( ក្តៅ )មាន ២០ %។ ពិនិត្យលើឥទ្ធិពលនៃបាតុភូតទាំងបីខាងលើឃើញថា ស្ថានភាពអាកាសធាតុ សម្រាប់ រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ ២០២០ នេះ មានលក្ខណៈប្រសើរជាង រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ ២០១៩ កន្លងទៅ ( រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ ២០១៩ បាតុភូត El Nino បាន គ្របដណ្តប់លើកម្ពុជារហូតដល់ទៅ ៨០ % និង ២០ % ទៀត ជាបាតុភូត ENSO ) ។

២- រដូវប្រាំង ៖
– សីតុណ្ហភាព : ខ្ពស់ជាងមធ្យមភាគប្រចាំឆ្នាំ និងទឹកភ្លៀងមានកម្រិតទាបជាងមធ្យមភាគច្រើនឆ្នាំ ។
– នៅក្នុងខែមករា : បណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពអប្បបរមាស្ថិតនៅក្នុងរង្វង់ ២០-២៣ ºC និងអតិបរមាស្ថិតក្នុងរង្វង់ ៣០-៣២ ºC ។ តំបន់ទំនាប កណ្តាល សីតុណ្ហភាពអប្បបរមាស្ថិតនៅក្នុងរង្វង់ ២៤-២៦ ºC និងអតិបរមាស្ថិតក្នុងរង្វង់ ៣៣-៣៥ ºC ។ ដោយឡែកសម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាស្ថិតក្នុងរង្វង់ ២៤-២៦ ºC និងអតិបរមាស្ថិតក្នុងរង្វង់ ៣១-៣៣ ºC ។
– ចាប់ពីខែកុម្ភៈ ដល់ចុងខែមីនា : ធាតុអាកាសនឹងកើនកម្តៅជាបន្តបន្ទាប់ ។ សីតុណ្ហ- ភាពអតិបរមាមធ្យមអាចកើនឡើងដល់ ៣៤ ºC ។ ទន្ទឹមនោះនៅចុងខែមីនា ក៏អាចចាប់ផ្តើមមានភ្លៀងកក់ខែខ្លះៗនៅតំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល ។
– ខែមេសា : កម្រិតសីតុណ្ហភាពនឹងកើនឡើងខ្ពស់ ។ ធាតុអាកាសនឹងមានសភាពក្តៅ ប្រហាក់ប្រហែលនឹងឆ្នាំ ២០១៩ ។ ទន្ទឹមនោះក្នុងខែមេសា អាចមានភ្លៀងកក់ខែ គួរសម តែបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ (Thunderstorm) ក៏មានច្រើនផងដែរ ។

៣- ដើមរដូវវស្សា ៖
– រដូវវស្សាឆ្នាំ ២០២០ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី ២ នៃខែឧសភា (ចាត់ទុកជាប្រក្រតីភាព ) ។
– នៅដើមរដូវវស្សារបាយទឹកភ្លៀង អាចមានកម្រិតពីមធ្យមទៅបង្គួរ ។

៤- កូនរដូវប្រាំង ៖
កូនរដូវប្រាំង អាចនឹងកើតមាននៅក្នុងសប្តាហ៍ទី ២ នៃខែកក្កដា ។

បើទោះបីនៅក្នុងខែមេសា និងដើមរដូវវស្សាអាចនឹងមានភ្លៀងកក់ខែច្រើនជាងឆ្នាំ ២០១៩ តែបរិមាណទឹកភ្លៀងដែលធ្លាក់មក មិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការ ភ្លាមៗនោះទេ ។ អាស្រ័យហេតុនេះ សូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេស បណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក ។


ចែករំលែក៖