ព័ត៌មានទាន់ហេតុការណ៍៖

ដើមឆ្នាំភ្លាម តារាសម្ដែងកូនកាត់ខ្មែរ-អាល្លឺម៉ង់ កញ្ញា ម៉ៃយ៉ាទទួលបានលាភធំ

ចែករំលែក៖

ភ្នំពេញ៖ ដើមឆ្នាំថ្មី ឆ្នាំ២០២០ភ្លាម តារាសម្ដែងកូនកាត់ខ្មែរ-អាល្លឺម៉ង់ កញ្ញា ម៉ៃយ៉ា បានក្រសោប​ជាអ្នកតំណាង​ផលិត​ផល​សាប៊ូកក់​សក់​ដ៏ល្បីឈ្មោះ​មួយ​ម៉ាក កូឡាទីន ដែល​ជាផលិត​ផល​នាំចូល​មក​ពីប្រទេស​អ៊ីតាលី តាមរយៈ​ក្រុមហ៊ុន TRE ។

តារាសម្ដែង និងជាពិធីការិនី​ល្បីឈ្មោះ ម៉ៃយ៉ា បានថ្លែង​ឲ្យដឹង នៅក្នុងពិធី​ប្រកាស​ជាអ្នក​តំណាង​ផលិតផល នៅព្រឹក​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ២០២០ នេះថា នាងពិត​ជាសប្បាយ​ចិត្ត នៅពេល​ដែល​ក្រុមហ៊ុន ចាប់​អារម្មណ៍​លើរូបនាង ហើយ​យក​នាង​ធ្វើជា​អ្នកតំណាង ។ ជាការពិត​សុខភាព និង​សម្រស់ គឺជាអ្វីដែល​ស្ត្រីគ្រប់​រូប​ត្រូវការ ហើយ​នាង​គឺជា​មនុស្សស្រឡាញ់​សក់​បំផុត មុននឹងបានសក់​ប្រវែង​នេះ គឺនាង​ប្រឹងប្រែង​ថែរក្សា និង​ប្រើ​ផលិត​ផលល្អៗ​ជាច្រើន ។ ម៉ៃយ៉ា បន្ថែម​ថា សម្រាប់​កិច្ចសន្យា ជាអ្នក​តំណាង​ផលិតផល​ខាង​លើនេះ គឺមានរយៈ​ពេលមួយ​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ឆ្នាំ​ក្រោយៗទៀត នាង​នឹង​ពិភាក្សា​ជាមួយ​ម្ចាស់ក្រុមហ៊ុន ដើម្បី​បន្ត ឬបញ្ចប់ ។ អ្វីដែល​នាង​ទទួល​បាន ពីការងារ​នេះ គឺមិន​បាន​ប៉ះពាល់​ដល់អាជីព​សិល្បៈ​របស់​នាង​ឡើយ ទោះបី​ជាមមាញឹក​ខ្លាំង ក្នុងរដូវ​នេះក្ដី ។

តារាល្បីឈ្មោះរូបនេះ​បញ្ជាក់​ថា នេះក៏ជាបទ​ពិសោធន៍​ដ៏ពិសេស​មួយ សំរាប់រូប​ខ្ញុំផ្ទាល់ដែលខ្ញុំមានឱកាស​មក​ចែក​រំលែក ពីបទពិសោធន៍​នៃ​ការប្រើប្រាស់​ផ្ទាល់ និងលទ្ធផល​ដែលខ្ញុំទទួល​បាន​តាំងពីមុន និង ក្រោយ​ពេល​ដែលខ្ញុំទទួល​បាន​ការងារ ជាទូតសុឆន្ទៈ​នេះ ។

ដោយឡែក​អ្នកស្រី តែ ស៊ូអេង អគ្គនាយិការ​ក្រុមហ៊ុន ធីអអ៊ី បានថ្លែងថា មូលហេតុដែល​អ្នក​ស្រីជ្រើស​រើស​កញ្ញា ម៉ៃយ៉ា ធ្វើជាអ្នក​តំណាង គឺដោយ​សារ​តែអ្នក​ស្រី​មើល​ឃើញ​ពីសមត្ថភាព គួបផ្សំជា​មួយ​នឹង​សម្រស់​ដ៏ស្រស់​របស់​នាង ពោលគឺ​ស័ក្តិសម​ជាមួយ​នឹង​ផលិត​ផល​សាប៊ូកក់​សក់​នេះ​តែម្ដង ។ ក្រៅតែពីក្លាយ​ជាទូតសុឆន្ទៈ​របស់​ផលិតផល​សាប៊ូ កូឡាទីន តារា​សម្ដែង​ល្បី​ឈ្មោះ ម៉ៃយ៉ា ក៏កំពុង​មមាញឹក​ខ្លាំង​ផង​ដែរ​ជាមួយការងារ​ជាពិធី​ការិនី និង​ការថត​ភាពយន្ត​ជាដើម​ទាំង​រឿង​ភាគ និង​រឿងដុំ​សម្រាប់​ឆ្នាំ​២០២០​នេះ៕ វឌ្ឍនា


ចែករំលែក៖