ប៉ោយប៉ែត៖ ក្រុងប៉ោយប៉ែតគីជាទីក្រុងជាប់ព្រំប្រទល់នឹងប្រទេសថៃ ហើយជាក្រុងមួយដែលមានការរីកចម្រើនផ្នែកសំណង់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗលើគ្រប់វិស័យ ដែលធ្វើឲ្យមានការជន់លិចទឹកនារដូវវស្សា ដោយសារតែប្រព័ន្ធលូបង្ហូរទឹកមួយចំនួនមិនបានតម្រូវការទៅតាមស្តង់ដា និងមួយភាគទៀត ការចូលរួមរបស់ពលរដ្ឋតិច ទើបជាហេតុធ្វើ ឲ្យមានការជន់លិចនារដូវវស្សា ។
ដោយមើលឃើញបែបនេះ រាជរដ្ឋាភិបាលបានផ្ដល់ប្រព័ន្ធលូប្រអប់ចំនួន៤ខ្សែកំពុងសាងសង់ ត្រៀមបញ្ចៀសទឹកលិចក្រុងប៉ោយប៉ែតនារដូវវស្សាឆ្នាំ២០២០ នាពេលខាងមុខនេះ ធ្វើឲ្យមានផលប៉ះពាល់ ដល់ពលរដ្ឋរាប់ឆ្នាំមកហើយ ។
លោក អភិបាលក្រុងប៉ោយប៉ែត គាត ហ៊ុល បានថ្លែងថា លូប្រអប់៤ខ្សែមានមុខកាត់៣ម៉ែត្រគុណ៣ម៉ែត្រ ដែលមាន៤ខ្សែ កំពុងកសាងកាត់ផ្លូវជាតិលេខ៥ ពីជើងទៅត្បូង រហូតដល់អូរព្រំដែនកម្ពុជា-ថៃ ។
ប្រភពបន្តថា ចំណុចទី១.នៅមុខភោជនីយដ្ឋានអង្គរជាយដែន ទី២.នៅមុខផ្លូវចូលអគារថ្មី ទី៣.នៅមុខហាងលក់ទូរស័ព្ទដៃវុយសេង និងទី៤.នៅក្បែរស្ថានីយរថភ្លើង ដែលកន្លែងខ្លះបានធ្វើបាន៨០ភាគរយ និងកន្លែងខ្លះទៀត ធ្វើបាន៧០ភាគរយ ហើយប្រព័ន្ធលូប្រអប់ទាំងនេះ នឹងធ្វើហើយរួចរាល់នៅក្នុងខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។
លោក គាត ហ៊ុល បញ្ជាក់ថា ការរៀបចំប្រព័ន្ធលូប្រអប់ទាំង៤ខ្សែ និងការដោះស្រាយផលប៉ះពាល់សម្រាប់រៀបចំផ្លូវទឹកដើម្បីបញ្ចៀសការលិចលង់ទឹកជំនន់ទឹកភ្លៀងនៅក្នុងក្រុងប៉ោយប៉ែតនេះ ជាការចំណាយរបស់រាជរដ្ឋាភិបាល និងជាការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលលោកថា ការចំណាយសរុបមិនទាន់ដឹងនៅឡើយទេ ដោយសារថាកំពុងដំណើរការសាងសង់ ៕ វណ្ណា