ខេត្តរតនគិរី ៖ កម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវចំនូន៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថបានចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ក៏បានជួបប្រទះឃើញគំនរឈើមួយកន្លែង កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃ អង្គារ ៤ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ដែលក្រុមឈ្មួញទុច្ចរិតដឹកជញ្ជូនយកមកលាក់ទុក។ ក្នុងនោះដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផង សមត្ថកិច្ចក៏រឹបអូសឈើទាំងនោះប្រគល់ឲ្យសមត្ថកិច្ចជំនាញចាត់ការតាមច្បាប់ ។
ប្រភពពីមន្ត្រីកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា ឈើដែលសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវធ្វើការរឹបអូសខាងលើនេះ ជាប្រភេទឈើលេខ១និងលេខ២ មានចំនួនទាំងអស់ ១៨០ សន្លឹក ស្មើនឹង៣,៧២៥ម៉ែត្រគូប ក្នុងនោះមានឈើសុក្រំ៣សន្លឹកស្មើនិង០,៤២០ម៉ែត្រគូប ឈើថ្លុងនិងឈើត្បែង១០៥សន្លឹក ស្មើនិង៣,៣០៥ម៉ែត្រគូប។
ដោយឡែកវត្ថុតាងទាំងអស់នេះត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកប្រគល់ទៅឲ្យជំនាញសង្កាត់រដ្ឋបាលព្រៃឈើស្រុកដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ព្រៃឈើ៕ ប្រាថ្នា