ភ្នំពេញ៖ អ្នកបើកបរឡានម៉ាក Ford ពាក់ស្លាកលេខ (ខេមរភូមិន្ទ02) 2-1401 បានបង្កហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ៨និង១៥នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បើកបុកអ្នកបើកបរម៉ូតូម៉ាក Zoomer X ពណ៍ទឹកក្រូចលាយស ពាក់ស្លាកលេខ ភ្នំពេញ1GI-8489 លើកំណាត់ផ្លូវលេខ 271 សង្កាត់ទំនប់ ខណ្ឌបឹងកេងកង។
យុវតីជនរងគ្រោះ មានឈ្មោះ ស្រី ពេជ្រច័ន្ទដា អាយុ២៤ ឆ្នាំ ជានិស្សិត មានទីលំនៅផ្ទញលេខ 227 ផ្លូវលំ ភូមិត្នោត សង្កាត់-ខណ្ឌមានជ័យ បានអោយដឹងថា៖ មុនពេលកើតហេតុខ្លួនបើកម៉ូតូស្របទិសគ្នា តែពេលបត់ម៉ូតូ ឡានក៏បត់ដែរ ក៏បណ្តាលអោយខាងឡានបានបើកកៀរម៉ូតូរបស់គាត់ មិនព្រមឈប់ក៏បន្តបើកទៅមុខ ធ្វើអោយយុវតីរងគ្រោះដួលម៉ូតូ របួសត្រង់ក្បាលជង្គង់ ត្រគាក និងដួលបោកទៅដល់ដី ។ យុវតី ស្រី ពេជ្រច័ន្ទដា បន្តថា៖ នាងបានស្រែកអោយគេជួយ និងអោយម្ចាស់ឡានចុះមកនិយាយដោះស្រាយគ្នា តែគាត់មិនចុះនិងមិនឈប់ឡាន ទើបអ្នកដំណើរឆោឡោ ក៏ម្ចាស់ឡានចុះមកដោះស្រាយ ដោយសន្យាជួយចេញថ្លៃព្យាបាល ប៉ុន្តែមកដល់កន្លែងពិនិត្យមុខរបួស ក៏ម្ចាស់ឡានបើកគេចរត់បាត់ស្រមោល មិនទទួលខុសត្រូវ ។ នាងក៏បានសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាន នគរបាលខណ្ឌបឹងកេង ។
ចុងក្រោយជនទំនើងបើកឡានពាក់ស្លាកលេខ (ខេមរភូមិន្ទ02 )2-1401 មិនអាចគេចផុតពីអន្ទាក់សមត្ថកិច្ច ខណៈគេកំពុងបន្តបើកតាមដងផ្លូវ ក៏ខាងសមត្ថកិច្ចឃាត់កាលពីព្រលប់ថ្ងៃខែដដែល តាមបណ្តឹងយុវតីរងគ្រោះ រួចបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី៕
ដោយ៖ សុខ ខេមរា