ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យក្មេងម្នាក់បើករថយន្តលឿនជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងទ្រមេឃ

ចែករំលែក៖

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បើករថយន្តលឿនជ្រុលទៅបុកក្បាលនាគពុះចែកទ្រូង ផ្លូវបណ្ដាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃ តែអ្នកបើកបរងរបួសស្រាល ។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១១យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែង នឹងផ្លូវលេខ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីវ័យក្មេងម្នាក់បើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AF-2302 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតបានរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ ។

ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានដែលល្បាតនៅក្បែរកន្លែងកើតហេតុបានឃើញហេតុការណ៍នេះបាននាំគ្នាមកជួយគាស់ទ្វាររថយន្តយកអ្នកបើកបរចេញមកក្រៅ រងរបួសស្រាល ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកស្នងការដ្ឋានទីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពីក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖