មនុស្សនៅជុំវិញពិភពលោក កំពុងតែផ្តោតខ្សែភ្នែកទាំងអស់ទៅលើប្រទេសចិន ដែលជានាគកំណាចមួយនៅលើពិភពលោក ពេលនេះកំពុងតែ«ត្រូវព្រួញពិស»(កូរ៉ូណា) ធ្វើឲ្យពន្លឺនៃឥទ្ធិពល ដែលបានជះទៅលើពិភពលោក ហាកបីដូចជាស្រអាប់ជាងមុន ។
ប៉ុន្តែរដ្ឋាភីបាលទីក្រុងប៉េកាំង ក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៊ី ជីងពីន មានជំនឿជឿជាក់ថា នឹងកម្ចាត់«វីរុសកូរ៉ូណា» ក្នុងពេលឆាប់ៗ ដើម្បីបញ្ចេញពន្លឺជាថ្មីនៅលើពិភពលោកវិញ ។ មនុស្សជាច្រើន យលឃើញថា ការផ្ទុះឡើងនៃជំងឺ ផ្លូវដង្ហើម កំពុងតែផ្តាច់ ដង្ហើមសេដ្ឋកិច្ចរបស់ចិន ។ ប៉ុន្តែ មូលនិធីរូបិយវត្ថុអន្តរជាតិ បានលើកឡើងថា សេដ្ឋកិច្ច ចិន នៅតែរឹងមាំដដែល បើទោះបី ផ្ទុះវីរុសកូរ៉ូណាក្តី ។
ប្រធានមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) នៅតែមានទំនុកចិត្តថា សេដ្ឋកិច្ចរបស់ចិន នៅតែរឹងមាំ មិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងូនោះឡើយ ។ លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្ដរជាតិ បានថ្លែង កាលពីថ្ងៃទី៣ ខែមករា ថា IMF គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការទប់ស្កាត់នូវការរីករាលដាល នៃវីរុសកូរ៉ូណា ហើយ IMF នៅតែមានទំនុកចិត្តថា សេដ្ឋកិច្ចរបស់ប្រទេសចិន នៅតែរឹងមាំ ។
ប្រធានរូបិយវត្ថុអន្ដរជាតិ បានសរសេរ នៅក្នុងបណ្ដាញសង្គមថា IMF សូមសម្ដែងនូវការអាណិតអាសូរអស់ពីបេះដូង ចំពោះការខិតខំប្រឹងរបស់ចិន ក្នុងការទប់ស្កាត់នូវការគំរាមកំហែងពីវីរុសកូរ៉ូណា ដែលកំពុងរីករាលដាលយ៉ាងខ្លាំង ។ IMF គាំទ្រដល់ការខិតខំប្រឹងប្រែងរបស់ចិន រួមទាំងសកម្មភាពសារពើពន្ធ រូបិយវត្ថុ និងហិរញ្ញវត្ថុ ។ IMF មានជំនឿថា ចិននៅតែមានសេដ្ឋកិច្ចខ្លាំងក្លា ។
អ្នកនាំពាក្យ IMF លោក Gerry Rice បានថ្លែងនៅក្នុងសន្និសីទខ្លីមួយថា IMF បានបង្ហាញការគាំទ្រដល់ការតស៊ូរបស់ចិន ប្រឆាំងនឹងការរីករាលដាល នៃវីរុសកូរ៉ូណា ។ នៅពេលនេះ អាជ្ញាធរចិន កំពុងតែធ្វើការងារដ៏ធ្ងន់ធ្ងរបំផុត ។ ប៉ុន្ដែទោះជាយ៉ាងណា ចិននៅតែមានសេដ្ឋកិច្ចខ្លាំងក្លា ដោយសារចិនមានធនធានយ៉ាងច្រើន ហើយអាចប្រឈមមុខនឹងការដោះស្រាយចំពោះការរីករាលដាល នៃវីរុសផ្លូវដង្ហើមថ្មីនេះបាន ។
វីរុសកូរ៉ូណា បានផ្ទុះឡើង នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ប៉ុន្ដែបើគិត្រឹមថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ បានសម្លាប់ជនជាតិចិន ៤២៥ ចិនហុងកុងម្នាក់ និងជនជាតិចិន នៅហ្វីលីពិនម្នាក់ ។
ដោយឡែកមនុស្សជាង២ម៉ឺននាក់ផ្សេងទៀត បានឆ្លងវីរុសកូរ៉ូណា ដោយរាលដាលដល់បណ្ដាប្រទេសជាច្រើន រួមមាន ចិន ហុងកុង ជប៉ុន កូរ៉េខាងត្បូង វៀតណាម ហ្វីលីពីន ថៃ ម៉ាឡេស៊ី កម្ពុជា … ជាដើម ។
ស្លាប់ដោយវីរុសកូរ៉ូណាកើនឡើងខ្ពស់ជាងជំងឺ SARS កាលពីឆ្នាំ២០០២-២០០៣ ដោយពេលនោះមានអ្នកស្លាប់តែ ៣៤៩នាក់តែប៉ុណ្ណោះ ។ ចំណែកវីរុសកូរ៉ូណា បានសម្លាប់មនុស្សកើនឡើងដល់ទៅ៤២៥នាក់ហើយ ។
នៅពេលនេះចិនចំាបាច់ត្រូវតែបញ្ចេញប្រាក់ដ៏ច្រើនសន្ធឹកសន្ធប់ ទ្រទ្រង់សេដ្ឋកិច្ច ឲ្យស្ថិតស្ថេរ នូវនឹង មិនធ្លាក់ចុះដូចការបារម្ភរបស់ពិភពលោក ។ ធនាគារកណ្តាលចិនបានប្រកាសបញ្ចេញលុយជាង ១៧១ ០០០លានដុល្លារ ។
ប្រតិបត្តិការបញ្ចេញប្រាក់របស់ធនាគារកណ្តាលនឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី៣ កុម្ភៈ ពោលចំថ្ងៃដែលផ្សារមូលប័ត្របើកទ្វារជាថ្មី បន្ទាប់ពីបានឈប់សម្រាកក្នុងពេលបុណ្យចូលឆ្នាំថ្មី និងបានពន្យារពេលបិទទ្វារដោយសារមេរោគកូរ៉ូណាថ្មី ។ ធនាគារកណ្តាលចិនបានពន្យល់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា អន្តរាគមន៍របស់ខ្លួនមានគោលដៅជួយរក្សាបរិមាណសាច់ប្រាក់សមហេតុផលនៅលើទីផ្សារសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុ និងសម្រាប់ស្ថិរភាពទីផ្សារប្តូរប្រាក់ ។
ជាមួយគ្នានោះដែរធនាគារកណ្តាលចិនក៏បានប្រកាសចេញនូវវិធានការមួយចំនួនដើម្បីទំនុកបម្រុងដល់ក្រុមហ៊ុន សហគ្រាសដែលរួមចំណែកនៅក្នុងយុទ្ធនាការប្រឆាំងនឹងមេរោគកូរ៉ូណាថ្មី ។
មេរោគកូរ៉ូណាថ្មីដែលកំពុងមានសន្ទុះកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងប្រទេសចិនក៏ដូចជានៅប្រទេសមួយចំនួនក្នុងលោក ។ តាមក្រុមអ្នកវិភាគ មេរោគផ្លូវដង្ហើមមួយនេះបានធ្វើឲ្យចិនបាត់បង់ទឹកប្រាក់សរុបជាង ១៤០ ០០០លានដុល្លារនៅក្នុងវិស័យសំខាន់ៗជាច្រើន ពិសេសទេសចរណ៍ និងភោជនីយដ្ឋាន ។
ចិនដែលកំពុងមានកំណើនសេដ្ឋកិច្ចទាបខ្លាំងគិតក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយសង្ឃឹមមានសន្ទុះឡើងវិញ បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយអាមេរិកកាលពីខែមករាក្នុងជម្លោះសង្រ្គាមពាណិជ្ជកម្ម ។ តែក្តីសង្ឃឹមហាក់កំពុងញាំញីដោយមេរោគកូរ៉ូណាថ្មី ។ រហូតមកដល់ពេលនេះ ធនាគារកណ្តាលចិនបានបញ្ជាក់ពីផលវិបាកសេដ្ឋកិច្ចមានកម្រិត៕