ព័ត៌មានទាន់ហេតុការណ៍៖

បិទផ្លូវទាំងស្រុង ត្រូវអាជ្ញាធរខណ្ឌចំការមនចុះ ផ្អាកការដ្ឋានអគារស្នាក់នៅក្នុ សង្កាត់បឹងត្របែក

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមការងារចម្រុះ ដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានដឹកនាំមន្ត្រីជំនាញ ចុះផ្អាកសំណង់អគារស្នាក់នៅរួម របស់លោក ប៊ុន សេង ដែលបានដាក់រថយន្តបាញ់បេតុង បិទផ្លូវទាំងស្រុង បង្កឲ្យមានការក្តៅក្រហាយដល់អ្នកធ្វើដំណើរ និងរំខានការរស់នៅរបស់ប្រជាពលរដ្ឋជិតខាង ។

ខណៈចុះផ្អាកនោះដែរ ខាងភាគីម្ចាស់អគារនោះ ពុំមានបង្ហាញលិខិតច្បាប់ពាក់ព័ន្ឋនឹងការសុំច្បាប់បិទផ្លូវ ដើម្បីសាងសង់ឡើយ ទើបអាជ្ញាសម្រេចឲ្យផ្អាកដំណើរការសាងសង់ បណ្តោះអាសន្ន ។ ក្នុងនោះ លោក អាំង សិរីពិសិដ្ឋ បានណែនាំឲ្យម្ចាស់អគារមិនឲ្យមានការចាក់បេតុងបិទផ្លូវពេលថ្ងៃជាដាច់ខាត ។ ហាមកម្មករស្នាក់នៅក្នុងអគារខុនដូរ ។ ពេលបញ្ចប់ការដ្ឋាន ត្រូវស្តារប្រព័ន្ឋលូឲ្យស្អាត និងមិនត្រូវទុកដាក់សម្ភារៈកាកសំណល់សំណង់លើចិញ្ចើមផ្លូវ នាំឲ្យប៉ះពាល់ដល់អ្នកដំណើរថ្មើ ។

ការចុះផ្អាកសំណង់នេះ ធ្វើឡើងកាលវេលា ម៉ោង៩ និង៣០នាទី នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅផ្លូវ១០៣ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន បន្ទាប់ពីទទួលបានការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន ដែលការដ្ឋានសំណង់ខុនដូបានបិទកំណាត់ផ្លូវ១០៣ទាំងស្រុង ពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា ដោយពិនិត្យឃើញជាក់ស្តែងដូច្នេះ ក្រុមការងារចម្រុះសម្រេចផ្អាកជាបណ្តោះអាសន្ន រង់ចាំក្រុមហ៊ុនបង្ហាញច្បាប់ឲ្យបានគ្រប់គ្រាន់ ទើបអនុញ្ញាតឲ្យបន្តសាងសង់តែបើកឲ្យចាក់បេតុងតែពេលយប់នោះទេ ៕ សរស្មី


ចែករំលែក៖