ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះស៊ីទែនហ្គាស់យ៉ាងសន្ធោសន្ធៅនៅបឹងស្នោ របួសកម្មករ៣នាក់

ចែករំលែក៖

ភ្នំពេញ៖​ កម្មករ៣នាក់ បានរងរបួសធ្ងន់ ស្រាលក្នុងករណីធ្លាយស៊ីទែនហ្គាស បង្កជាអគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងស្ថានីយសាំង​តេលា​ យីហោសម្បត្តិមានហេង​ ភ្លាមៗនោះសមត្ថិច្ចចុះអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទើបអាចគ្រប់គ្រងបានដោយមិនឆេះរាលដាលទៅទីតាំងផ្សេងនោះឡើយ ។

ហេតុការណ៍ឆេះហ្គាសដែលធ្លាយចេញពីស៉ីទែននេះបានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ក្បែរ​ វត្ថនិរោធន៍​ ស្ថិតក្នុងភូមិបឹងឈូក​ សង្កាត់និរោធន៍​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពី សមត្ថកិច្ចបានឲ្យដឹងថា​ ម្ចាស់ហ្គារ៉ាស់សាំង​មានឈ្មោះ​ ព្រំ​ សុផាន់ណា​ ភេទស្រីអាយុ៣៥ឆ្នាំ ជាជនជាតិខ្មែរ ។ ប្រភពបន្ដពីបុគ្គលិកដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា​ ដំបូងឡើយពួកគេបានឃើញមានភ្លើងចេញពីស៊ីទែនហ្គាសដ៏ធំមួយចំណុះ១២០០០លីត្រ ក្នុងការ៉ាស់សាំងតេលា​ យីហោសម្បត្តិមានហេង ដោយបានដឹងថា​ ស៊ីទែនហ្គាសនេះ បានធ្លាយហ្គាសចេញក្រៅបង្កចេញជាអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ខណៈ ពេលនោះពួកគាត់ក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យកមកបាញ់ពន្លត់តែមិនរលត់ទើបទំនាក់ទំនងទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ជាបន្ទាន់ ។

ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចផ្នែកអន្តរាគមន៍បង្ការអគ្គិភ័យបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅធ្វើការបាញ់ពន្លត់ដោយប្រើពេលវេលាកន្លះម៉ោង ក៏បានរលត់ទៅវិញជាស្ថាពរ ដោយប្រើទឹកសរុបអស់ចំនួន២០រថយន្ត ។

ក្នុងករណីគ្រោះអគ្គិភ័យនេះដែរ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិរួមមានសម្ភារៈមួយចំនួន និងកម្មករ៣នាក់រង របួសធ្ងន់ ស្រាលបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗផងដែរ ។ រីឯមូលហេតុដែលបង្កឲ្យមានភ្លើងឆេះនេះ គឺ បណ្ដាល មកពីធ្លាយស៊ីទែនហ្គាសចំណុះ ១២០០០លីត្រ ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ លោកចេង មុនីរ៉ាអភិបាលនៃគណះអភិបាលខណ្ឌច្បារអំពៅអមដំណើរដោយលោកលោកស្រីអភិបាលរងខណ្ឌ និងលោកនាយករដ្ឋបាលសាលាខណ្ឌបាននាំយកអំណោយផ្តល់ដល់កម្មករចំនួន៣នាក់ដែលរងគ្រោះដោយអគ្គិភ័យ ។

ក្នុងឱកាសចុះសាកសួរសុខទុក្ខដល់ប្អូនៗកម្មករនៅមន្ទីរពេទ្យកាល់ម៉ែត លោកចេង មុនីរ៉ា ក៏បានសំដែងនូវក្តីរន្ធត់ និងអាណិតអាសូរដល់ប្អូនៗហើយក្នុងនោះលោកអភិបាលខណ្ឌ ក៏បាននាំយកផ្លែឈើ ភេសជ្ជៈ និងថវិកាផ្តល់ដល់ប្អូនៗទាំង៣នាក់ឲ្យឆាប់ជាសះស្បើយពីជំងឺរលាគភ្លើងនេះ ។

កម្មករទាំង៣នាក់ ដែលរងរបួសនោះគឺទី១ឈ្មោះ ស្រួច ញៀន ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករលាងឡាន ។ ទី២ឈ្មោះ កួង បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជាកម្មករលាងឡាន និងទី៣ឈ្មោះ ស៊ន សុីថា ភេទប្រុសអាយុ៣៨ឆ្នាំជាបុគ្គលិកលក់ហ្គាសក្នុង ស្ថានីយចាក់ប្រេងនៅចំណុចកើត៕ សណ្តោស


ចែករំលែក៖