ភ្នំពេញ៖ ពាក្យថា ស្រ្ដីបង្វិលចង្រ្កានមិនជុំ ត្រូវបានលុបបំបាត់ ជាពាក្យស្លោក ឬជាទស្សនៈរបស់សង្គមកម្ពុជា តាំងពីអតីតកាល។ ដោយឡែកចំពោះទស្សនៈដូនតាខ្មែរដែលបានលើកឡើងថាស្ដ្រីបង្វិលចង្ក្រានមិនជុំ យើងអាចនិយាយបានថាត្រឹមត្រូវចំពោះសម័យមុន ប៉ុន្ដែមិនអាចនិយាយថាត្រឹមត្រូវទាំងស្រុងចំពោះសម័យនេះបានទេ ឬយើងអាចនិយាយបានថា ទស្សនៈនេះ អាចត្រឹមត្រូវក្នុងករណីខ្លះ តែមិនមែនត្រឹមត្រូវក្នុងន័យសង្គមទាំងមូល ឬជាសកលបានឡើយ។
លោកស្រីសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់បែប នេះ ខណៈលោកស្រីជាអធិបតីភាពក្នុងពិធីវេទិកាផ្សព្វផ្សាយយេនឌ័រ ក្រោមប្រធានបទស្រ្ដីបង្វិលចង្រ្កានមិនជុំនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានី ភ្នំពេញ នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ។
ក្នុងឱកាសនោះ លោកស្រីសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ទស្សនៈ ដែលបានលើកឡើងថា“ស្រ្ដីបង្វិលចង្ក្រានមិនជុំ”អាចគេយល់បានថា សង្គម ខ្មែរយើងមានភាពលំអៀង និងមិនបានឱ្យតម្លៃស្រ្តីស្មើបុរស ហើយមានលក្ខណៈរើសអើងចំពោះស្រ្ដីភេទ។ បុរសមួយចំនួននៅតែចាត់ទុកថាខ្លួនគឺជាមេគ្រួសារធំមានអំណាចលើសលប់នៅក្នុងគ្រួសារ អាចធ្វើអ្វីៗបានតាមតែអំពើចិត្តរបស់ខ្លួន ដោយមិនចាំបាច់ពិភាក្សា សួរយោបល់ពីភរិយាឡើយ ជាពិសេស នៅក្នុងស្ថានភាពដែលស្រ្ដីជាភរិយានៅផ្ទះ ជាមេផ្ទះមិនចេះរកស៊ី និងគ្មានចំណូល។ ស្ថានភាពនេះបានធ្វើឱ្យស្រ្ដីជាច្រើនទទួលរងទុក្ខផ្នែកផ្លូវចិត្ត និងបាត់បង់តម្លៃរបស់ខ្លួន ។លើសពីនេះ ស្រ្ដីខ្លះនៅតែជួបប្រទះ ការប្រើអំពើហិង្សា និងការរំលោភពីសំណាក់បុរសមួយចំនួនផង។បុរសខ្លះយល់ថាការងារដែលស្រ្ដីជាភរិយារបស់ខ្លួនធ្វើនៅផ្ទះជាការងារកំប៉ិកកំប៉ុក មិនមានតម្លៃស្មើនឹងអ្វីដែលខ្លួនរកបាននៅខាងក្រៅផ្ទះទេ។
លោកស្រីសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ កន្លងមកថ្មីៗនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្ រឹក្សាជាតិ កម្ពុជាដើម្បីស្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ រាជាណា ចក្រកម្ពុជាបានសម្រេចបង្កើត ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដើម្បីបំពេញបន្ថែមការងារផ្លូវ ច្បាប់ ក្នុងគោលបំណងជួយស្រ្ដី និងក្មេងស្រីក្រីក្រ ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យទទួលបាននូវយុត្តិធម៌បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព ។ ដូចច្នេះជារួម ការអនុវត្តយុទ្ធសាស្រ្ដ និងគោលនយោបាយ របស់រាជរដ្ឋាភិបាលពិតជាបានជំរុញឱ្យស្ថានភាព ជីវភាព ឋានៈ និង តួនាទីរបស់ស្រ្ដីមានភាពកាន់តែប្រសើរឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ ។
សូមបញ្ជាក់ថា៖ ក្នុងពិធីវេទិកាផ្សព្វផ្សាយ ស្ដ្រីបង្វិលចង្ក្រានមិនជុំ ថ្ងៃនេះរៀបចំឧបត្ថម្ភដោយ ក្រុម ហ៊ុន ធារ៉ាលាង ក្នុងគោល បំណង ដើម្បីលើកកម្ពស់ស្ដ្រីចូលរួមអភិវឌ្ឍន៏សង្គម និងសមភាពយេនឌ័រ ដែលមានស្ដ្រីមកគ្រប់ស្ថាប័នចំនួន១៥០០ នាក់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋា ភិបាលកម្ពុជា៕ សំរិត