ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹងយកដុំថ្មគុបទ្វារកញ្ចក់គេ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាទើបចេញពីមណ្ឌលកែប្រែម្នាក់ ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលចាប់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹង យកដុំថ្មគុបទ្វារកញ្ចក់ បណ្ដាលឲ្យបែកអស់មួយដុំ ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៩និង០៥នាទី ត្រង់ចំណុចភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អុល ប្រុស ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួលខេត្តកណ្តាល។ ចំណែកជនរងគ្រោះឈ្មោះ ផាត សាវីន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការីនីរោងចក្រ មានទីលំនៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយឡែកវត្ថុតាងដកហូតបានមានដុំថ្ម១ដុំ ។

ប្រភពដដែលបន្តថា ជនសង្ស័យខាងលើ គឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ហើយក្រុមគ្រួសារបានយកទៅដាក់មណ្ឌលកែប្រែ នៅឱកាសខ្ញុំអស់រយះពេល៣ខែម្ដងរួចមកហើយ កាលពីឆ្នាំ២០១៩ ។ លុះចេញមកវិញ មកដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យបានផឹកស្រាស្រវឹង ស្រែកឡូឡារ ហើយក៏យកដុំថ្មគុបទៅលើទ្វាកញ្ចក់ផ្ទះរបស់ជនរងគ្រោះ បណ្ដាលឲ្យបែកខូចខាតអស់មួយដុំតែម្ដង ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះ បានប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដំណាក់អំពិល ដើម្បីជួយអន្តរាគមន៍ចាត់ការតាមច្បាប់ ។

ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖