ភ្នំពេញ៖ បុរសជនជាតិអង់គ្លេសម្នាក់ បានមកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសុំឲ្យសមត្ថកិច្ចជួយបញ្ជូន ត្រឡប់ទៅប្រទេសដើមវិញ ព្រោះរូបគេគ្មានលិខិតឆ្លងដែន និងស្នាក់នៅលើសទិដ្ឋាការស្នាក់នៅ ។
មន្រ្តីការិយាល័យជំនាញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី មានជនបរទេសម្នាក់ ឈ្មោះ JAMES BUNTING ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិអង់គ្លេស ស្នាក់នៅអនាថាតាមទីសាធារណៈ បានមកកាន់ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ គោលបំណងស្នើសុំឲ្យសមត្ថកិច្ចជួយបញ្ជូនខ្លួនត្រឡប់ទៅប្រទេសដើមវិញ ។ បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរដឹងថា ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរ ។
បច្ចុប្បន្នជននេះស្នាក់នៅអនាថា តាមទីសាធារណៈ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕ ស រស្មី