ខេត្ដឧត្ដរមានជ័យ ៖ កសិកររស់នៅភូមិអូរឫស្សី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានលើកឡើងថា ការដាំដំណាំបន្លែរួមផ្សំជាលក្ខណ:គ្រួសាររបស់គាត់ នៅតាមមូលដ្ឋានអាចបង្កើនប្រាក់ចំណូលក្នុងមួយរដូវៗ បានចំនួនដល់ទៅ២០ លានរៀល ដោយមិនចាំបាច់ធ្វើការចំណាកស្រុកនោះឡើយ ។
កសិករឈ្មោះ សារឿន រូបនេះ បានឲ្យដឹងបន្តថា បច្ចុប្បន្នគ្រួសាររបស់គាត់ក្រៅពីច្រូតកាត់រួចមក គឺគាត់ មិនទុកដីឲ្យនៅទំនេរនោះឡើយ ដោយបានដាំដំណាំរួមផ្សំផ្សេងៗ បន្តទៀតនៅក្បែរផ្ទះ ដោយលើផ្ទៃ ដីតែមួយហិកតា ប៉ុណ្ណោះគាត់អាចរកបានប្រាក់ចំណូលបានដល់ទៅ២០លានរៀលក្នុងមួយរដូវ។
គាត់បន្ថែមថា ក្រុមគ្រួសាររបស់គាត់បានប្រកបមុខរបបដាំដំណាំបន្លែនេះ អស់រយះពេលជាង២០ឆ្នាំមកហើយបន្ទាប់ពីគាត់ធ្វើស្រែចំការនោះ ព្រោះថា ការដាំដំណាំ ឲ្យតែយើងមានការយល់ដឹងពីពិធីសាស្ត្រច្បាស់លាស់នោះ គឺយើងអាចទទួលជោគជ័យបានដោយស្រួលពីការប្រមូលផលនៃការដាំដំណាំ នេះ។
កសិកររូបនេះ បន្តថា គាត់ទទួលបានភាពជោគជ័យមកដល់ថ្ងៃនេះ គឺដោយសារតែរូបគាត់បានទទួលវគ្គបណ្តុះបណ្តាលខ្លីៗពីមន្ត្រីជំនាញមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្តឧត្តរមានជ័យ និងដៃ គូរអង្គការ ក្រៅរដ្ឋាភិបាលនានា បានចុះមកបង្ហាត់បង្រៀនផ្ទាល់ដល់មូលដ្ឋានរបស់គាត់ពីពិធីសាស្ត្រ នៃការដាំដុះផ្សេងៗផងដែរ។
គាត់បន្ថែមថា ដំណាំដែលគាត់បានដាំលក់ជាប្រចាំថ្ងៃនោះរួមមាន ផ្កាខាត់ណា ស្ពៃ ចង្កេះ ស្ពៃក្ដោប ស្ពៃក្រញាញ់ និងសណ្ដែកគួរជាដើម។ បន្លែទាំងនេះ គាត់បេះលក់ជាប្រចាំបានជាង៣០ម៉ឺនរៀលជារៀង រាល់ថ្ងៃ។ កត្តាទាំងអស់នេះហើយអាចធ្វើឲ្យរូបគាត់មានជីវភាពធូរធារមួយកំរិតធំ ដោយមិនចាំបាច់ចំណាកស្រុកទៅក្រៅប្រទេសដោយប្រថុយប្រថាននោះឡើយ ៕ ប៉ែន នួន