កម្លាំងទាហានអាកាសចិន បានបញ្ជូនយន្តហោះដឹកជញ្ជូនយោធាធុនធំ ប្រភេទY-20 ដឹកក្រុមគ្រូពេទ្យយោធា និង សម្ភារបរិក្ខារពេទ្យ ចូលទៅកាន់ទីក្រុងវូហានជាទីកន្លែងផ្ទុះវីរុសកូវីដ-១៩ ដើម្បីជួយគ្រប់គ្រងស្ថានភាព ។
យន្តហោះដឹកជញ្ជូនខាងលើ បានបញ្ជូនគ្រូពេទ្យយោធា៦៧៦នាក់រួមទាំងសម្ភារបរិក្ខារពេទ្យទៅកាន់ទីក្រុងវូហាន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ។ ខេត្តហូប៉ី ជាសមរភូមិជួរមុខក្នុងការកម្ចាត់ជំងឺផ្លូវដង្ហើមប្រភេទថ្មី កូវីដ-១៩ ។
នេះជាលើកទីពីរដែលចិនបានបញ្ជូនយន្តហោះធុនធំ Y-20 ទៅកាន់ ទីក្រុងវូហាន ។ នៅក្នុងដំណាក់កាលទីមួយ ពេទ្យយោធា ១៤០០នាក់បានបញ្ជូនទៅកាន់ទីក្រុងវូហាន ។ ចាប់តាំងពីការផ្ទុះវីរុស កូវីដ-១៩ កាលពីខែធ្នូ ឆ្នាំ២០១៩មក កម្លាំងទាហានចិនបានបញ្ជូនយន្តហោះ៣០គ្រឿងដឹកសម្ភារបរិក្ខារពេទ្យទៅជួយដល់ខេត្តហូប៉ី ។
គ្រូពេទ្យយោធាដែលបញ្ជូនទៅកាន់ទីក្រុងវូហាន មានទាំងពេទ្យ ជើងទឹក ជើងគោក ជើងអាកាស ។ គិតមកទល់ពេលនេះចិនបានបញ្ជូន គ្រូពេទ្យ ដល់ទៅ៤ពាន់នាក់ទៅកាន់ទីក្រុងវូហាន ។
បច្ចុប្បន្ន មានអ្នកស្លាប់១៧៧៥ ក្នុងនោះនៅប្រទេសចិនមាន ១៧៧០ និងឆ្លងរាលដាលដល់មនុស្ស ៧១ ៤៤៩ ។ ជាមួយគ្នានោះ អ្នកដែលបានព្យាបាលជាសះស្បើយចេញពីមន្ទីរពេទ្យកើនដល់ ១០ ៩៨៤ នាក់ ហើយជារឿងមួយដ៏ប្រសើរបំផុត៕