ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋតួកគីបានផ្សាយថា រដ្ឋអាជ្ញារបស់ប្រទេសនេះដែលកំពុងស៊ើបអង្កេតនៅក្នុងក្រសួងយុត្តិធម៌ និងក្រសួងយោធានោះ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាឲ្យចាប់ខ្លួនមនុស្ស២២៨នាក់ សង្ស័យពាក់ព័ន្ធជាមួយបណ្តាញ ដែលទីក្រុងអង់ការ៉ា និយាយថា ស្ថិតនៅពីក្រោយអំពើរដ្ឋប្រហារមួយកាលពីឆ្នាំ២០១៦។
ការបង្ក្រាបចាប់ខ្លួនបានធ្វើឡើងជាប្រចាំដោយចោទប្រកាន់អ្នកគាំទ្របព្វជិតសាសនាមូស្លីមមូលដ្ឋាននៅអាមេរិក លោក Fethullah Gulen ចាប់តាំងតែអំពីការធ្វើរដ្ឋប្រហារបរាជ័យមួយបានកើតឡើងក្នុងឆ្នាំ២០១៦ ។ អំពើរដ្ឋប្រហារនោះ សម្លាប់មនុស្សប្រហែល២៥០នាក់ ។ ប៉ូលិសតួកគីនៅតែបន្តវិធានការវាយឆ្មក់ជាបន្តបន្ទាប់គោលដៅទៅលើជនសង្ស័យ ។
បណ្តាញព័ត៌មានតួកគី Anadolu បានផ្សាយថា ដំណាក់កាលថ្មីៗចុងក្រោយនេះ រដ្ឋអាជ្ញាបានបញ្ជាឲ្យចាប់ខ្លួនមនុស្ស១៥៧នាក់, ក្នុងនោះរួមបញ្ចូលមន្ត្រីសន្តិសុខ១០១ផងដែរ នៅក្នុងការស៊ើបអង្កេតមួយដោយកងកម្លាំងប្រដាប់អាវុធតួកគី ។ ប្រភពបន្តថា ប្រតិបត្តិការមានមូលដ្ឋានខេត្តភាគខាងលិច Izmir និងនៅខេត្តទាំង៤៣ទូទាំងប្រទេស។
ករណីដោយឡែកផ្សេងទៀត, រដ្ឋអាជ្ញានៅក្នុងរដ្ឋធានីអង់ការ៉ា បានបញ្ជាឲ្យឃុំខ្លួនមនុស្ស៧១នាក់ នៅក្នុងការស៊ើបអង្កេតមួយគោលដៅលើអ្នកគាំទ្ររបស់បព្វជិត Gulen នៅក្នុងក្រសួងយុត្តិធម៌, ក្នុងចំណោមពួកគេទាំងនោះ៣៣នាក់ បច្ចុប្បន្នកំពុងបម្រើការនៅក្នុងក្រសួងតែម្តង ។
គួរបញ្ជាក់ថា តាំងពីពេលរដ្ឋប្រហាររហូតមក មនុស្សប្រហែល ៨០ ០០០នាក់ត្រូវបានចាប់ឃុំខ្លួនរង់ចាំជំនុំជម្រះទោស ហើយក្នុងនោះ ប្រហែល ១៥០ ០០០ គឺជមន្ត្រីស៊ីវិល, ជាយោធា ខណៈដែលអ្នកជាច្រើនផ្សេងទៀតត្រូវដកហូតតួនាទី ឬផ្អាកការងារភារកិច្ច ។
សម្ពន្ធមិត្តលោកខាងលិចរបស់តួកគី និងក្រុមសិទ្ធិមនុស្សបានរិះគន់ការបង្ក្រាបបន្តបន្ទាប់ ខណៈដែលទីក្រុងអង់ការ៉ា បានថ្លែងការពារខ្លួនថា ជាវិធានការចាំបាច់ដើម្បីឆ្លើយតបការគំរាមកំហែងផ្នែកសន្តិសុខ ។
បុព្វជិតGulen ដែលរស់នៅនិរទេសខ្លួនដោយខ្លួនឯងនៅក្នុងរដ្ឋ Pennsylvania តាំងពីឆ្នាំ១៩៩៩នោះ បានច្រានចោលការចោទប្រកាន់ពាក់ព័ន្ធអ្វីមួយជាមួយការប៉ុនប៉ងរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលតួកគី ៕