ជំងឺចម្លែកៗ នៅលើពិភពលោក ពិបាករកថ្នាំព្យាបាល បានកើតឡើងនៅគ្រប់ទិសទីជុំវិញពិភពលោក ជាច្រើនឆ្នាំកន្លងមក អាចបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។ បណ្តាប្រទេសនៅជុំវិញពិភពលោកបានខិតខំរកគ្រប់វិធានការដើម្បីទប់ស្កាត់បម្រែបម្រួលអាកាសធាតុដោយចំណាយប្រាក់ជាច្រើន។
នៅពេលនេះថៅកែ Amazon លោក Jeff បានសន្យាផ្ដល់ចំនួន១០ពាន់លានដុល្លារអាមេរិកដល់អ្នកវិទ្យាសាស្រ្ដ សកម្មជន អង្គការមិនគិតពីផលចំណេញ និងក្រុមដទៃទៀត ដែលកំពុងពុះពារការពារដល់បរិស្ថាន និងប្រយុទ្ធប្រឆាំងនឹងបម្រែសម្រួលអាកាសធាតុ។
លោក Jeff Bezos នាយកប្រតិបត្ដិក្រុមហ៊ុន Amazon បានថ្លែង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ថា ក្រុមហ៊ុននឹងផ្ដល់មូលនិធិ ចំនួន១០ពាន់លានដុល្លារអាមេរិកដល់ក្រុមអ្នកវិទ្យាសាស្រ្ដ សកម្មជន អង្គការធ្វើការងារមិនគិតផលចំណេញ និងក្រុមដទៃ ទៀត ដែលកំពុងពុះពារការពារបរិស្ថាន ហើយប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ ការកាត់បន្ថយនូវការបញ្ចេញផ្សែងពុល នឹងក្លាយជាការប្រកួតប្រជែង សម្រាប់ក្រុមហ៊ុន Amazon ។
លោក នាយកប្រតិបត្ដិក្រុមហ៊ុន Amazon បានបញ្ជាក់ថា ការបម្រែបម្រួលអាកាសធាតុនេះ គឺជាការគំរាមកំហែងដ៏ធំបំផុតមកលើភពផែនដីរបស់យើង។ លោកចង់ធ្វើការងារជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកពីវិធីសាស្រ្ដថ្មី សម្រាប់ប្រយុទ្ធប្រឆាំង នឹងឥទ្ធិពលដ៏អាក្រក់ នៃបម្រែបម្រួលអាកាសធាតុ នៅលើភពផែនដី។ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែចូលរួមចំណែកលើកិច្ចការទាំងនេះ។
លោក Bezos ជាអ្នកមានបំផុតម្នាក់ នៅលើពិភពលោក ហើយលោកតែងតែផ្ដល់នូវមូលនិធិ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ លោក Bezos បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបម្រែបម្រួលអាកាសធាតុ រហូតធ្វើឲ្យលោកក្លាយជា មហាសេដ្ឋីអាមេរិក ដ៏មានប្រជាប្រិយភាពបំផុតម្នាក់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ៕