ខេត្តសៀមរាប៖ ពាក្យចាស់ពោលថា រពិសដៃផ្ទៃឆ្អែត តែមិនមែនមានន័យថា ឆ្អែតគ្រប់រឿងនោះទេ ដូចដែលយុវជនម្នាក់នេះត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗ បន្ទាបពីឆក់ទូរស័ព្ទដៃពីជនបរទេស កាលពីវេលាម៉ោង០៨ និង៤០នាទីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខប្រាសាទក្រវ៉ាន់ ស្ថិតក្នុង ភូមិក្រ វ៉ាន់ សង្កាត់នគរធំ ក្រុង សៀមរាប ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនម្នាក់នេះជាបុគ្គលិកភោជនីយដ្ឋានមេបុណ្យត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលនគរធំសហការជាកម្លាំងគោលដៅរបស់អង្គភាពបេតិកភណ្ឌចាប់ខ្លួនក្រោយពីធ្វើសកម្មភាព ឆក់ទូរស័ព្ទពីបុរសជនជាតិអង់គ្លេសបានសម្រេច ។
ជនសង្ស័យ ឈ្មោះ ទុន ទុយ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរចុងភៅ ( កូនកាំបិត ) នៅភោជនីយដ្ឋានមេបុណ្យ ស្រុកកំណើត នៅភូមិ ស្គារ ស្រុក ឃុំ ព្រៃឈរ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្រោយពីពិនិត្យឃើញថា ជនសង្ស័យ បានប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន និងសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពឆក់ទូរស័ព្ទដៃពីភ្ញៀវទេសចរណ៍ពិតប្រាកដមែនម៉ាក IPhone 10XR ពណ៌ខ្មៅ ។
ក្រោយសាកសួររបស់កម្លាំងប៉ុស្ដិ៍មន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌក្រុង និង នគរបាលអង្គភាពទេសចរណ៍បានដកហូតវត្ថុតាង( ទូរស័ព្ទដៃ ) និងធ្វើការប្រគល់យកទៅឲ្យជនរងគ្រោះទៅថែរក្សាប្រើប្រាស់វិញ ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបអនុវត្តទៅតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី