នៅក្នុងវិស័យ សេដ្ឋកិច្ចពាណិជ្ជកម្ម ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន បានពឹងផ្អែកភាគច្រើនទៅលើប្រទេសចិន ហើយពេលនេះអ្វីគ្រប់យ៉ាងត្រូវបាន អាក់ខាន តាំងការហោះហើរ ដោយសារតែ ខ្លាចកូវីដ-១៩។ គិតមកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ គេហទំព័រwikipedia បានធ្វើបច្ចុប្បន្នភាពស្តីអំពីអ្នកជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) ឬ COVID-19 នៅប្រទេសចិន និងនៅប្រទេសជុំវិញពិភពលោកចំនួន២៨ថែមទៀតនោះ, អ្នកជំងឺដែលបានចាកចេញពីមន្ទីរពេទ្យសរុប ១០ ៩៨៤នាក់ ។
ប្រភពបានបញ្ជាក់ថា នៅក្នុងប្រទេសចិន អ្នកជំងឺមានចំនួនសរុប ៧០ ៥៥៣នាក់ ។ អ្នកបាត់បង់ជីវិត ១ ៧៧០នាក់ ។ អ្នកជំងឺបាត់បង់ជីវិតក្រៅពីប្រទេសចិន មាននៅជប៉ុនម្នាក់, នៅហុងកុងម្នាក់, នៅតៃវ៉ាន់ម្នាក់, នៅបារាំងម្នាក់, និងនៅហ្វីលីពីនម្នាក់ ធ្វើឲ្យចំនួនអ្នកជឺងឺ COVID-19 ដែលបានបាត់បង់ជីវិតសរុប ១៧៧៥នាក់ ។
ដើម្បីធ្វើឲ្យប្រសើរឡើង អាស៊ាន-ចិន ត្រៀមជួបប្រជុំជាបន្ទាន់ស្តីពី ការឆ្លងរាលដាលនៃវីរុស កូវីដ-១៩។ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានប្រកាសថា មកទល់ពេលនេះយើងមិនអាចសន្និដ្ឋានបានថា វីរុសកូវីដ -១៩ ឆ្លងរាលដាលទៅទិសខាងណាច្រើនជាងគេនោះឡើយ។
រដ្ឋមន្ត្រីការបរទេសបណ្តាប្រទេស តំបន់អាស៊ាន មានគម្រោងជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី នៅទីក្រុងវៀនចាន់ ប្រទេសឡាវនាថ្ងៃទី ២០ខែកុម្ភៈ ដើម្បីពិភាក្សាស្តីពីវិធីសាស្ត្រទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩។ សារព័ត៌មាន South China Morning Post បានផ្សាយថា នេះគឺជា កិច្ចប្រជុំទ្រង់ទ្រាយធំជាលើកដំបូងស្តីពីកិច្ចសហប្រតិបត្តិការណ៍ទប់ស្កាត់ឆ្លងរាលដាលនៃវីរុស កូវីដ-១៩ ដែលក្រុមអ្នកឯកទេសវេជ្ជសាស្ត្រព្យាករណ៍ថានឹងឆ្លងរាលដាលជាច្រើនខែខាងមុខទៀត ។
រដ្ឋមន្ត្រីក្រសួងការបរទេស ម៉ាឡេស៊ី លោកSaifuddin Abdullah បានប្រកាសថាជំនួបពិភាក្សា រវាងប្រទេសអាស៊ានទាំង១០ និងចិន គឺដើម្បីចែករំលែកបទពិសោធ ស្តីពីការទប់ស្កាត់វីរុស ផ្លូវដង្ហើមខាងលើ ។ លោក Saifuddin Abdullah បន្តទៀតថា«យើងជឿជាក់ថា ចិននឹងឆ្លងផុតដំណាក់កាលវិបត្តិដ៏អាក្រក់នេះ ក្នុងពេលឆាប់ៗ។
នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសចិន នឹងស្វែងរកការគាំទ្រពីប្រទេសអាស៊ាន ក៏ដូចជាការតភ្ជាប់ឡើងវិញ នៅជើងហោះហើរ ក៏ដូចជាសកម្មភាពសេដ្ឋកិច្ចដែលកំពុងតែរងផលប៉ះពាល់ដោយសារតែ វីរុសកូវីដ-១៩។
បច្ចុប្បន្នសង្គ្រាមប្រឆាំង វីរុសកូវីដ-១៩នៅក្នុងប្រទេសចិនទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ។ ក្រុមអ្នកឯកទេសរបស់អង្គការសុខភាពពិភពលោកក៏បានបញ្ជូនអ្នកឯកទេស ទៅកាន់ប្រទេសចិនជួយទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។
ម៉ាឡេស៊ីជាប្រទេសមានទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មជាច្រើនជាមួយចិន ពេលនេះបានរងផលប៉ះពាល់ ដោយ ប្រាក់ ម៉ាឡេ បន្ដធ្លាក់ថ្លៃ ដោយសារការភ័យខ្លាចវីរុសកូរ៉ូណា។ក្រោយការផ្ទុះឡើងនូវវីរុសកូរ៉ូណា (Covid-19) នៅក្នុងប្រទេសចិន ហើយបន្ដឆ្លងរាលដាលទៅដល់បណ្ដាប្រទេសផ្សេងៗទៀត រួមទាំង ប្រទេសម៉ាឡេស៊ី ផង ទើបធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងធ្វើឲ្យលុយរីងហ្គីតរបស់ប្រទេសនេះ បានបន្ដធ្លាក់ថ្លៃ។
បើយោងតាមគេហទំព័រ Malaymail បានផ្សាយថា រហូតមកដល់វេលាម៉ោង៩ និង០៧នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ប្រាក់រីងហ្គីត (Ringgit) បានបន្ដធ្លាក់ថ្លៃ ចាប់តាំងពីសប្ដាហ៍មុន។ ការធ្លាក់ថ្លៃ នៃប្រាក់រីងហ្គីតនេះ ក៏ដោយសារតែទីផ្សារ នៅលើ ពិភពលោក មានការភ័យខ្លាច និងខ្វល់ខ្វាយអំពីកូវីដ-១៩ (Covid-19)។ នៅវេលាខាងលើនេះ ហាងឆេងប្ដូរបា្រក់របស់ម៉ាឡេស៊ី គឺ១ដុល្លារ ស្មើនឹង៤,១៤៦រីងហ្គីត។
អ្នកវិភាគម្នាក់ បានថ្លែងថា ប្រាក់ក្នុងស្រុក បានធ្លាក់ចុះជាមួយនឹងប្រទេសបណ្ដាអាស៊ាន ជាទីមានការប្រកាសអាសន្ន នៃការឆ្លងរីករាលដាលវីរុសកូវីដ-១៩ មានកម្រិតខ្ពស់។ រីឯតម្លៃប្រេងឆៅរបស់ Benchmark Brent ក៏បានធ្លាក់ថ្លៃដល់ ៥៧,២៤ដុល្លារ ក្នុងមួយបារ៉ែល។
អ្នកវិភាគ បានបន្ដថា តម្លៃប្រេងក៏ដើរតួនាទីដ៏សំខាន់ ក្នុងការកំណត់យក Benchmark សម្រាប់ប្រាក់រីងហ្គីត ដោយសារតែប្រទេសម៉ាឡេស៊ី ជាប្រទេសសម្បូរប្រេងផងដែរ។ ប្រាក់រីងហ្គីតបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើពាណិជ្ជកម្មជាមួយនឹងបណ្ដា រូបិយប័ណ្ណធំៗ ជាច្រើនទៀត។
ពាក់ព័ន្ធការឆ្លងវីរុស កូវីដ-១៩នោះដែរ ភៀវទេសចរជនជាតិម៉ាឡេស៊ីចំនួន២នាក់ ជិះនៅលើនាវាទេសចរណ៍ខ្នាតយក្ស Diamond Princess បានរកឃើញ មានផ្ទុកនូវវីរុសកូរ៉ូណា ឬកូវីដ-១៩។
ក្រសួងសុខាភិបាលម៉ាឡេស៊ី បានអះអាង នៅថ្ងៃទី១៨ ខែកុម្ភៈ ថា ជនជាតិម៉ាឡេស៊ី ចំនួន២នាក់ ដែលជិះនៅលើនាវាទេសចរណ៍ខ្នាតយក្ស Diamond Princess មានឆ្លងនូវវីរុសកូរ៉ូណា ឬកូវីដ-១៩ (Covid-19) ។
លោក Datuk Dr Noor Hisham Abdullah អគ្គនាយកក្រសួងសុខាភិបាលម៉ាឡេស៊ី បានសរសេរ នៅលើទំព័រផ្លូវការរបស់លោកថា ជនជាតិម៉ាឡេស៊ី ទាំង២នាក់ខាងលើនេះ ត្រូវបានមើលថែទាំសុខភាព ដោយអាជ្ញាធររបស់ជប៉ុន។ ដោយឡែក នាវាទេសចរណ៍ខ្នាតយក្ស ដែលមានអ្នកផ្ទុកវីរុសកូរ៉ូណានៅលើនោះ ត្រូវបានដាក់ដាច់ដោយឡែកពីគេ។ ទេសចរចំនួនជាង៤០០នាក់ នៅលើនាវា ត្រូវបានតេស្ដរកឃើញវិជ្ជមាន នៃកូវីដ-១៩ ។
លោកអគ្គនាយក នៃក្រសួងសុខាភិបាលម៉ាឡេស៊ី បានបន្ដថា ប្រជាពលរដ្ឋម៉ាឡេស៊ី ទាំងពីរនាក់ដែលជិះនាវាទេសចរណ៍ Diamond Princess ត្រូវបានបញ្ជាក់ថា បានឆ្លងវីរុស Covid-19 ។ រីឯមនុស្សពីរនាក់ទៀត កំពុងរង់ចាំយ៉ាងអន្ទះសា ចំពោះលទ្ធផល ពិនិត្យសុខភាពរបស់ពួកគេ។
ដោយឡែក ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរបស់ជប៉ុន បានឲ្យដឹង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ថា អ្នកដំណើរនៅលើនាវាទេសចរណ៍ខាងលើ ចំនួន៤៥៤នាក់ ត្រូវបានធ្វើតេស្តរកឃើញ មានផ្ទុកវីរុសកូវីដ-១៩នេះ។ នាវា Diamond Princess បានធ្វើនាវាចរណ៍ រយៈពេល១៦ថ្ងៃ ដោយឈប់សំចត នៅក្នុងប្រទេសជប៉ុន ហុងកុង តៃវ៉ាន់ និងវៀតណាម ហើយបានចូលទៅចត នៅកំពង់ផែយ៉ូកូហាម៉ា។ អាជ្ញាធរជប៉ុន បានដាក់នាវាទេសចរណ៍នេះ ឲ្យនៅដាច់ដោយឡែកពីគេ ដោយសារតែមានការរីករាលដាលនូវជំងឺដ៏កាចសាហាវខាងលើនេះ។
ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៦ ខែកុម្ភៈ បានធ្វើទៅលើអ្នកទេសចរ ចំនួន១២១៩នាក់ ក្នុងចំណោមអ្នកទេសចរ៣៧០០នាក់ និងនាវិកមកពីប្រទេសជាង៥០នាក់។ អ្នកដំណើរ២៦៦៦ ដោយរួមទាំងស្នាក់ក្នុងបន្ទប់តូច មិនមានបង្អួច ក៏ត្រូវបានស្នើសុំឲ្យស្នាក់នៅខាងក្នុងបន្ទប់ ដើម្បីការពារនូវការឆ្លងវីរុស នៅក្នុងអំឡុងពេលដាក់ឲ្យនៅដាច់ដោយឡែកនេះផងដែរ៕



សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច