ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោៈ កម្ពុជាសូមចូលរួមអបអរសាទរមិត្តចិនក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ (Covid-19) និងអរគុណចំពោះការមើលថែនិស្សិតកម្ពុជានៅប្រទេសចិន

ចែករំលែក៖

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជាបានថ្លែងថា: កម្ពុជាសូមចូលរួមអបអរសាទរមិត្តចិនក្នុងការប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ (Covid-19) និងអរគុណចំពោះការមើលថែនិស្សិតកម្ពុជានៅប្រទេសចិន

នៅក្នុងឱកាសអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ ចំនួន ១,៩៧៧នាក់ នៅវិទ្យាស្ថានជាតិអប់រំ កាលពីម្សិលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានសេចក្តីរីករាយជាមួយនឹងព័ត៌មានអំពីប្រទេសចិនដែលបានប្រកាសថាបានរកឃើញឱសថដែលអាចព្យាបាលជំងឺបង្កដោយមេរោគកូវីដ១៩ Covid-19 បាន តាមរយៈថ្នាំព្យាបាលជំងឺគ្រុនចាញ់ដែលមានលក់នៅតាមទីផ្សារសព្វថ្ងៃ។ ប្រសិនបើឱសថនេះអាចព្យាបាលមនុស្សជាសះស្បើយពិតមែននោះ សភាពការណ៍នឹងអាចរលត់បានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។ នេះក៏ជាដំណឹងល្អសម្រាប់យើងទាំងអស់គ្នា។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ធមន្រ្តី បានសម្តែងនូវការសោកស្តាយនឹងចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាលនិងប្រជាជនចិន ព្រមទាំងប្រទេសមួយចំនួនដែលមានប្រជាពលរដ្ឋខ្លួនបាត់បង់ជីវិតដោយសារជំងឺឆ្លងកូវីដ១៩ (Covid-19) ។ ជាមួយគ្នានេះដែរ កម្ពុជាសូមអបអរសាទរជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺបង្កដោយមេរោគកូវីដ ១៩ (Covid-19) នេះ។

ក្នុងនាម សម្តេចតេជោជាប្រមុខដឹកនាំកម្ពុជា សម្តេចសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់មិត្តចិនដែលបានយកចិត្តទុកដាក់ជួយមើលថែរក្សាដល់និស្សិតកម្ពុជាដែលកំពុងរស់នៅនឹងសិក្សានៅប្រទេសចិនរួមទាំងនៅតំបន់វ៉ូហានដែលមាននិស្សិត ២៣នាក់ ដែលពួកគេមានសុខភាពល្អណាស់។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ មានការសោកស្តាយដែលមានជនអគតិមួយចំនួនបានប្រឌិតព័ត៌មានមិនពិតថាមាននិស្សិតកម្ពុជាយើងនៅវ៉ូហានស្លាប់ម្នាក់ ហើយពួកខិលខូចទាំងនេះ ក៏បានប្រឌិតរឿងអកុសលកុហក់បោកប្រាសបន្ថែមទៀតថា នៅពេលនេះ សម្តចតេជោនាយករដ្ធមន្រ្តី កំពុងឈឺធ្ងន់ដោយសារឆ្លងមេរោគកូវីដ១៩ (Covid-19) ការប្រមាថរបស់ជនអគតិទាំងនេះមិនបានអ្វីក្រៅពីទទួលត្រឡប់ទៅវិញនូវផលនៃអំពើអាក្រក់របស់ខ្លួនឡើយ៕


ចែករំលែក៖