ព័ត៌មានទាន់ហេតុការណ៍៖

បែកស្នេហ៍ពីគូដណ្តឹង ពិធីការិនី ជីមមី បង្ហាញស្នេហ៍ថ្មីជាតារាប្រុសឈ្មោះដូចនាង គឺលោក Jimmy 

ចែករំលែក៖

ភ្នំពេញ៖ ពិធីការិនីស្រស់សោភា រាងស្រឡូន កញ្ញា ជីមមី បានងាកមកបង្កាត់ភ្លើងស្នេហ៍ជាមួយតារាសម្តែង និងពិធីករ លោក Jimmy អស់រយៈពេល១ឆ្នាំមកហើយ។ ការទម្លាយស្នេហាក្រៅឆាកនេះធ្វើឡើងក្រោយពី តារាស្រីជីមមី បានបែកបាក់ស្នេហ៍ជាមួយគូដណ្តឹងជាអ្នកសារព័ត៌មានអស់រយៈពេលជាង១ឆ្នាំមកហើយ។

ដំណឹងស្នេហាក្រៅឆាករវាងតារាប្រុសស្រីនេះធ្លាប់បានលេចលឺកាលពីពេលកន្លងទៅក្រោយពីតារាស្រី ជីមមី បានផ្តាច់ពាក្យនឹងគូដណ្តឹងដែលមាននាទីជាអ្នកសារព័ត៌មាន និងជាបុគ្គលិកទីផ្សាររបស់ក្រុមហ៊ុនមួយ។ បែកស្នេហ៍ភ្លាម នាងរងដំណឹងស្នេហាក្រៅឆាកជាមួយតារាប្រុសសម្បូរមន្តស្នេហ៍ Jimmy ភ្លែត ដែលគេដឹងថាលោកក៏ជាអតីតគូស្នេហ៍របស់តារាចម្រៀង សុខ សីឡាលីននោះឯង។

មិនដែលបញ្ចេញចំណងស្នេហ៍ដោយបើកចំហរនោះទេ ប៉ុន្តែថ្មីៗនេះពួកគេបានប្រកាសដោយបើកចំហរ ពោលគឺស្របពេលដែលខួបចំណងស្នេហ៍របស់ពួកគេបានរយៈពេលមួយឆ្នាំ។  កាន់តែធ្វើឲ្យគេភ្ញាក់ផ្អើលគឺក្រោយពួកគេបានបង្ហាញរូបថតស្និទ្ធស្នាល ជាច្រើនរយសន្លឹករួមគ្នាអមដោយសារអបអរសាទរចំណងស្នេហ៍គម្រប់១ឆ្នាំ។ កម្មវិធីខួបស្នេហ៍នេះក៏ត្រូវបានរៀបចំឡើងយ៉ាងរ៉ូមែនតិច ជាមួយនឹងពាក្យថា ៣៦៥ថ្ងៃ និងជារៀងរហូត។ ការចេញទៅទទួលពានជាតារាកិត្តិយសឆ្នើមនៅប្រទេសថៃកាលពីពេលថ្មីៗនេះគេក៏សង្កេតឃើញវត្តមានអ្នកទាំងពីរធ្វើដំណើររួមគ្នាដែរ។

គួរបញ្ជាក់ដែរថា កញ្ញា ជីមមី ត្រូវបានអ្នកក្នុងចង្កោមសិល្បៈដឹងថានាងធ្លាប់មានគូដណ្តឹង ឈ្មោះរតនា មាននាទីជាអ្នកសារព័ត៌មាននៅទូរទស្សន៍ PNN ដូចគ្នានឹងកន្លែងដែលនាងបម្រើការងារបច្ចុប្បន្ន។ ពួកគេបានភ្ជាប់ពាក្យមុនពេលដែលជេមមីចូលប្រឡូកសិល្បៈ ប៉ុន្តែដោយស្នេហារកាំរកូសពួកគេបានចែកផ្លូវគ្នាដោយសម្រួល។ ខណៈតារាសម្តែង និងពិធីករ Jimmy ក៏បានបែកបាក់ស្នេហ៍នឹងតារាចម្រៀងស្រី សុខ សីឡាលីនជាច្រើនឆ្នាំ ។ ជីមមី និងJimmy ក៏ធ្លាប់បានបង្ហាញវត្តមានល្អូកល្អឺនក្រៅឆាក និងរួមការងារជាមួយគ្នាជាញឹកញាប់រហូតក្លាយជាចំណងស្នេហ៍ក្រៅឆាកកើតមានឡើង៕ វឌ្ឍនា


ចែករំលែក៖