ខេត្តបន្ទាយមានជ័យ ៖ អាជីវកម្មកាយដីរបស់ក្រុមហ៊ុនមួយមានឈ្មោះ តាន់ គឹមហួត នៅតែបន្តកាយដីភ្នំដួងព្រះស្ថិតក្នុងចំណុចជើងភ្នំដូងព្រះ ក្នុង សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គ្រាដែលអាជ្ញាធរផ្អាកអាជីវកម្ម ធ្វើឲ្យបុរសម្នាក់រងបួសធ្ងន់ កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុបុរសជាតៃកុងរថយន្តមិនស្គាល់អត្តសញ្ញាណនោះ បានបើករថយន្តពីទីតាំងកាយដីលើភ្នំចុះមកយកប័ណ្ណ តែដោយសារខ្វះការប្រុងប្រយត្ន័ រថយន្តទៅមុខធ្វើឲ្យទ្វារគាបជាប់នឹងថ្មបណ្ដាលឲ្យរងរបួសធ្ងន់ ខណៈនោះក្រុមការងាររបស់ក្រុមហ៊ុនបានដឹកជនរងគ្រោះទៅគ្លីនិកឯកជន តែពេទ្យមិនទទួលដោយសភាពរបួសធ្ងន់ធ្ងរ បានដឹកបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី រហូតមកដល់ពេលនេះ មិនដឹងថា ស្លាប់ ឬរស់នោះទេ ព្រោះម្ចាស់ក្រុមហ៊ុនបានបិទបាំងករណីខាងលើនេះ ។
ពលរដ្ឋលើកឡើងថា ករណីក្រុមហ៊ុនខាងលើនោះ ខាងអាជ្ញាធរបានផ្អាកអាជីវកម្មកកាយដីមួយរយៈ ដោយសារតែមានក្មេងចូលទៅលេងក្បែរគំនរបាក់បែកបានប្រទះឃើញដុំរ៉ែមាសកាយរើសយកទៅលក់បានប្រាក់ ក៏មានការភ្ញាក់ផ្អើល ក្មេងចាស់ ប្រុស ស្រីសម្រុកចូលទៅរុករកដុំរ៉ែមាសដើម្បីយកលក់ ដោយមានឈ្មួញឈរចាំទិញក្នុងមួយគីឡូក្រាម៥ម៉ឺនរៀល ។
ម្យ៉ាង ដោយមូលហេតុនៃអាជីកម្មនេះហើយ ធ្វើឲ្យបំណែកភ្នំផ្នែកខាងលិចបានប្រេះបាក់ផ្ទាំងថ្មធំៗរមៀលធ្លាក់ពីកំពូលភ្នំធ្វើឲ្យពលរដ្ឋរស់នៅក្បែរនោះ ទាំងចាស់ទាំងក្មេងព្រួយបារម្ភពុំដែលហ៊ានដើរទៅក្បែរទីនោះ ព្រោះអាជីវកម្មរបស់ក្រុមហ៊ុនខាងលើ ។
ប្រភពថា ភ្នំនោះគឺជាភ្នំមានលោហធាតុគួរតែបិទអាជីវកម្ម ឬបញ្ឈប់ការកាយ ទុកឲ្យមន្ត្រីជំនាញស្រាវជ្រាវ មិនគួរឲ្យក្រុមហ៊ុនកាយដីធ្វើអាជីវកម្មគ្មានប្រាក់ចំណូលចូលរដ្ឋនោះទេ គេអាចសង្ស័យឃុបឃិតគ្នាជាប្រពន្ធ័ទើបមានការកាយដីភ្នំបន្តទៀតបែបនេះ ។
ម្ចាស់ក្រុមហ៊ុន តាំង គឹមហួត ប្រាប់តាមទូរស័ព្ទថា ពិតជាមានមែនដោយសារបុរសខាងលើគាត់ចុះពីលើរថយន្តទៅបត់ជើងតូចហើយមកយកបណ្ណ័ ក៏ប៉ះខ្លួនគាត់រងរបួសតែមិនធ្ងន់អ្វីទេ? លោកថា អាជ្ញាធរគាត់បានទៅហាមប្រជាពលរដ្ឋមិនឲ្យទៅរើសយករ៉ែមាសស្នាមកាយតាំងពីយូរមក ខ្លាចមានបញ្ហាដីបាក់ លោកថា ពលរដ្ឋនាំគ្នារើសយករ៉ែមាស់នោះ តាមពិតមិនមែនជារ៉ែនោះទេ ដោយមិនបញ្ជាក់ការធ្វើអាជីវកម្មរបស់លោក មាន ឬគ្មាននោះទេ ក៏បិទទូរសព្ទ័តែម្ដង ។
លោកអភិបាល ក្រុងសិរីសោភណ្ឌ័ប្រសាសន៍តាមទូរស័ព្ទថា ទីតាំងភ្នំខាងលើជាគំរោងពហុកីឡដ្ឋានមួយ ហើយពាក់ពន្ធ នឹងការងារមួយចំនួនគឺ ខេត្តប្រគល់សិទ្ធិឲ្យក្រុមហ៊ុនដើម្បីឈួសឆាយពង្រាប និងសាងសង់ ។
លោកបញ្ជាក់ថា មិនឲ្យក្រុមហ៊ុនខាងលើកាយពង្រាបភ្នំនោះទេ ដោយពង្រាបតែមួយផ្នែកនៅក្នុងគំរោង ។ លោកបន្ថែមថា ក្រុមហ៊ុនលោកសុខចិត្តជួយការងារ និងដោយមានការសម្របសម្រួលការងារមួយចំនួនចំពោះផ្នែកពាក់ពន្ធ័នឹងរ៉ែមាសនោះ ជាក់ស្ដែងមិនមែនជារ៉ែមាស យើងសាកល្បងយកទៅវិភាគហើយ មិនសល់អ្វីពីកម្ទេចដីនោះទេ ។ ដើម្បីសុវត្ថិភាពពលរដ្ឋ ខាងអាជ្ញាធរឲ្យក្រុមហ៊ុនផ្អាក ។ ពាក់ព័ន្ធនឹងអាជ្ញាបណ្ណ័ លោកមិនហ៊ានឆ្លើយទេ ជាបន្ទុករបស់ក្រសួង និង ខេត្ត ។ ចំពោះករណីរងរបួស លោកមិនដឹងទេ លោកនឹងស្រាវជ្រាវមើលសិន ៕ វណ្ណា