ការបិទព្រំដែន ឬហាមប្រាមពលរដ្ឋនៅក្នុងប្រទេស ដែលមានអ្នកឆ្លងវីរុស កូវីដ-១៩ មិនមែនជារឿងនយោបាយ ឬការរើសអើងនោះឡើយ គឺជាការទប់ស្កាត់ការឆ្លងប្រកបដោយសុវត្ថិភាពបំផុត ពីការឆ្លងរាលដាលនៃវីរុសកូវីដ-១៩។ ប្រទេសដែលនៅជុំវិញចិនបានសម្រេច បិទព្រំដែន ហាមពលរដ្ឋចិន ចូលទៅក្នុងប្រទេសរបស់ខ្លួន ក្នុងនោះមានម៉ុងហ្គោលី និងប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ។
ប៉ុន្តែការហាមប្រាមពលរដ្ឋនៅក្នុងប្រទេសក្រៅពីចិន មិនទាន់មានឡើយ ទើបតែពេលនេះមានប្រទេស អ៊ីស្រាអែលដែលបានហាមប្រាមពលរដ្ឋ មកពីប្រទេស ក្នុងតំបន់អាស៊ី ក្នុងនោះមានអាស៊ាន ដែលមានប្រទេស ថៃ ជាដើម ។ ជាមួយគ្នានេះ ប្រទេសថៃបានអំពាវនាវឲ្យអ៉ីស្រាអែលពិនិត្យឡើងវិញ នូវការសម្រេចចិត្តរបស់ខ្លួន ក្នុងការហាមឃាត់ជនជាតិថៃមិនឲ្យចូលប្រទេសខ្លួន ក្នុងគោលបំណងដើម្បីគ្រប់គ្រងការរីករាលដាលនៃវីរុសកូរ៉ូណា (COVID-19)។
ជាលទ្ធផលនៃការហាមឃាត់នេះ ក្រសួងការងារថៃ នឹងត្រូវពន្យាពេលបញ្ជូនពលករថៃទៅប្រទេសអ៉ីស្រាអែល ក្រោមគម្រោងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
យោងតាមស្ថានទូតថៃប្រចាំនៅទីក្រុង Tel Aviv អាជ្ញាធរប្រជាជន និងអន្តោប្រវេសន៍របស់អ៉ីស្រាអែល បានរារាំងចំពោះអ្នកទាំងឡាយណា ដែលបានទៅប្រទេសថៃ ម៉ាកាវ សិង្ហបុរី និងហុងកុង ក្នុងអំឡុងពេល ១៤ថ្ងៃកន្លងមកនេះ ៕