ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់មានវិបត្តិផ្លូវចិត្តរឿងលែងលះជាមួយប្ដីលួចលេបថ្នាំងងុយដេកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ធំ៖ ស្ត្រីម្នាក់ទំនងមានវិបត្តិផ្លូវចិត្តដោះស្រាយមិនចេញ បានចាកចេញពីផ្ទះ មកស្នាក់នៅនឹងផ្ទះសំណាក់មួយកន្លែងនៅស្រុកបារាយណ៍ ហើយមានបំណងលេបថ្នាំងងុយដេកជាច្រើនគ្រាប់ដើម្បីសម្លាប់ខ្លួន តែសំណាងល្អបានម្ចាស់ផ្ទះសំណាក់ជួយទាន់ពេល ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង ០០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចក្នុងបន្ទប់ផ្ទះសំណាក់យីហោ(សុបិន្តល្អ) នៅភូមិព្រៃស្រង៉ែ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គុយ ស្រីចិន ភេទស្រី អាយុ ៣៦ ឆ្នាំ នៅភូមិបាក់ស្នាក្រោម ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ ឈ្មោះ វ៉ាន់ ម៉េង ភេទប្រុស អាយុ ៥៨ឆ្នាំ ត្រូវជាម្ចាស់ផ្ទះសំណាក់ នៅភូមិ/ឃុំកើតហេតុខាងលើ បានរៀបរាប់ថា៖ មុនពេលកើតហេតុថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោ ១៦ និង ០០នាទី ជនរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅ មួយយប់ លុះព្រឹកឡើងថ្ងៃទី ២៣ ខែឆ្នាំដដែល មិនឃើញជនរងគ្រោះចេញពីបន្ទប់សោះ លុះដល់ម៉ោងកើតហេតុខាងលើម្ចាស់ផ្ទះសំណាក់ ក៏បានយកសោទៅចាក់មើលតែបើកទ្វារមិនបានសោះក៏ធាក់ទម្លាយទ្វារទើបឃើញជនរងគ្រោះដេកលើការ៉ូក្នុងស្ថានភាពសន្លប់ស្ដូក ហើយនៅក្បែរខ្លួនជនរងគ្រោះមានថ្នាំ ងងុយដេកចំនួន ២ប្រអប់(លេបអស់ពាក់កណ្ដាល) ភ្លាមៗនោះម្ចាស់ផ្ទះសំណាក់ក៏បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកបារាយណ៍- សន្ទុកតែម្ដង ។

ក្រោយទទួលព័ត៌មានបានភ្លាមសមត្ថកិច្ចជំនាញសហការជាមួយលោក មេឃុំ លោកមេភូមិ ប៉ុស្ដិ៍រដ្ឋបាល និងប្រជាពលរដ្ឋសាច់ញាតិ ធ្វើការពិនិត្យជនរងគ្រោះនិងទីកន្លែងកើតហេតុនិងពិនិត្យ នៅលើដងខ្លួនជនរងគ្រោះ ពុំឃើញមានស្លាកស្នាមអ្វីគួរកត់សម្គាល់ឡើយ ។

បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយយើងបានប្រគល់ជនរងគ្រោះជូនក្រុមគ្រួសារដើម្បីយកទៅព្យាបាលបន្តទៀត ។

មូលហេតុ: ខូចចិត្តព្រោះលែងលះជាមួយប្ដី៕ ប៊ុនរិទ្ធី


ចែករំលែក៖