ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកំពុងស្រាវជ្រាវករណីមនុស្ស០១នាក់ស្លាប់និងបាត់ខ្លួន០២នាក់នៅលើទូកនេសាទ០១គ្រឿង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចខេត្តព្រះសីហនុ កំពុងស្រាវជ្រាវករណីមនុស្ស៣នាក់នៅលើទូកនេសាទមួយគ្រឿង ដែលមានម្នាក់ស្លាប់និង២នាក់ទៀតបាត់ខ្លួនមិនទាន់ដឹងមូលហេតុ ។របាយការណ៍បឋមពីសមត្ថកិច្ចប្រាប់ថា សាកសពបុរសជាកម្មករនេសាទម្នាក់ត្រូវបានគេប្រទះឃើញជាប់មង នៅចំណុចជិតកោះថាសក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣ខែមិនា២០២០ ក្រោយពីបាត់ខ្លួនជាមួយអ្នកនេសាទលើទូកជាមួយគ្នាសរុប៣នាក់ ក្នុងពេលចេញទៅនេសាទកាលពីថ្ងៃទី១ខែមិនាឆ្នាំ២០២០។ ប្រភពពីម្ចាស់ទូកឈ្មោះលី គីមលីភេទស្រី អាយុ៣៧ឆ្នាំជនជាតិខ្មែរ រស់នៅក្រុម២៧ភូមិ៣សង្កាត់លេខ១ក្រុងព្រះសីហនុ រាយការណ៍ប្រាប់សមត្ថកិច្ចថា ក្រោយបាត់ដំណឹង ទាំងទូកនិងកម្មករនេសាទទាំង៣នាក់ គាត់បានរកឃើញទូករបស់គាត់ជាប្រភេទទូកBEនៅឯថ្មសក្នុងខេត្តកោះកុង ប៉ុន្តែគ្មានឃើញកម្មករនិងអ្នកបើកបរទូកនៅទីនោះទេ  ហើយបន្ទាប់មកក៍មានអ្នកអ្នកនេសាទផ្សេងទៀតប្រាប់ថាបានឃើញសាកសពម្នាក់នៅខាងជើងកោះថាសក្នុងខេត្តព្រះសីហនុ ឃើញជាប់នឹងមងរួចបានអូសយកមកដីគោកទើបរាយការណ៍ជូនសមត្ថកិច្ច។ សមត្ថកិច្ចប្រាប់បន្ថែមទៀតថា
ក្រៅពីសាកសពម្នាក់នេះ នៅបាត់មនុស្សលើទូកចំនួន២នាក់ទៀត គឺ៖
១-ឈ្មោះ ណែម ពឿន ភេទប្រុស
អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរទូក មានទីលំនៅក្រុម២៧ភូមិ៣សង្កាត់លេខ១ ក្រុង ព្រះសីហនុ។
២-ឈ្មោះសុខ វណ្ណៈ ភេទប្រុស
អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ នេសាទ ស្នាក់នៅលើទូកនេសាទ។
ចំណែកសាកសព ឈ្មោះ រ៉ា ហៅខ្មៅភេទប្រុសអាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទស្នាក់នៅលើទូកនេសាទ ។
ជុំវិញករណីនេះសមត្ថកិច្ចជំនាញពាក់ពន្ធ័កំពុងធ្វើកោសល្យវិច្ចយ័ ពិនិត្យនិងស្រាវជ្រាវបន្ថែម និងថាភ្លាមៗមិនទាន់អាចបញ្ជាក់រឿងហេតុពិតប្រាកដថាបែបណានៅឡើយ៕ ឆ្លាម សមុទ្រ

ចែករំលែក៖