ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយ បានឆាបឆេះទូកនេសាទមួយគ្រឿង ខណៈដែលម្ចាស់ផ្សារដំបូលមិនប្រយ័ត្នបណ្ដាលឲ្យកម្ទេចភ្លើងធ្លាក់ប៉ះចំសម្ភារមួយចំនួននៅខាងក្រោម បង្កការឆាបឆេះយ៉ាងសន្ធោសន្ធៅ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាទូកនេសាទដូចគ្នា និងសមត្ថកិច្ចពន្លត់អគ្គិភ័យចេញរថយន្តជួយពន្លត់ទាន់ពេលវេលា មិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤០យប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅចំណុចក្រោយហាងនំប៉័ងភ្នំពេញ ក្នុងទឹកទន្លេសាប ជាប់បណ្ដោយផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា មុនពេលកើតហេតុ គឺប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចថា មានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅលើអ្នកទូកនេសាទ ខាងក្រោយហាងនំប៉័ងភ្នំពេញ ភ្លាមនោះ កម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែទី១ ឲ្យចុះមកអន្តរាគមន៍ ជាមួយទូកអ្នកនេសាទ និងទូកសមត្ថកិច្ចដែលប្រចាំគោលដៅគល់ស្ពានជ្រោយចង្វា បាញ់ពន្លត់ជាងកន្លះម៉ោងទើបរលត់ទៅវិញ ។ ក្នុងហេតុការណ៍នោះគេឃើញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកដល់កន្លែងកើតហេតុចំនួន៣គ្រឿងផងដែរ ។
ប្រភពដដែលបន្តថា ក្នុងករណីនេះបណ្ដាលឲ្យមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារលើទូកទាំងស្រុង ។ ចំណែករថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង មិនបានប្រើប្រាស់បាញ់ពន្លត់នោះទេ ព្រោះទូកអ្នកនេសាទ និងទូកសមត្ថកិច្ចដែលប្រចាំគោលដៅគល់ស្ពានជ្រោយចង្វា ជួយបាញ់ពន្លត់មុនរថយន្តពន្លត់អគ្គិភ័យទៅដល់ ។
ក្រោយកើតហេតុ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុកើតចេញមកពីការផ្សារដែកមិនប្រយ័ត្ន ក៏បង្កឲ្យមានការឆាបឆេះតែម្តង ។ ករណីអគ្គិភ័យខាងលើនេះ បានរលត់អស់ទាំងស្រុង នៅវេលាម៉ោង៩និង២០នាទីយប់ ៕ អារុណរះ