ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានចាប់ខ្លួនយុវជនម្នាក់ ដែលបង្កើតគណនីហ្វេសប៊ុក និង ប្រព័ន្ធTelegram ក្លែងក្លាយ ដើម្បីធ្វើសកម្មភាពផលិតរក្សាទុកនិងចែកចាយ រូបភាពនិង វីដេអូអាសអាភាសកុមារ នារីខ្មែរនិងបរទេស ធ្វើអាជីវកម្ម នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញទំនាក់ទំនងTelegram ក្នុងគោលបំណងរកប្រាក់ចំណូលពីការទាញយកអ្នកទស្សនា និង លក់វីដេអូទាំងនោះ ហើយប្រភពវីដេអូទាំងនោះខ្លួនបានទាញយកពីបណ្តាញសង្គមផ្សេងៗ ។
យោងតាមប្រភពព័ត៍មានពីមន្រ្តីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ថា ដោយការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបើកការស្រាវជ្រាវ និងស៊ើបអង្កេតរហូតដល់មានការឃាត់ខ្លួនយុវជនម្នាក់ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជាពៅ ប្រធាននាយកដ្ឋាន ព្រមទាំងមានការសម្របសម្រួលពី លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
មន្រ្តីដដែលបន្តថា ជនសង្ស័យឈ្មោះ យល់ ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ បានសារភាពថាកាលពីដើមខែ មករា ឆ្នាំ២០២០ ខ្លួនពិតជាបានចាប់ផ្ដើមបង្កើតគណនីហ្វេសប៊ុក និងTelegram ក្លែងក្លាយដើម្បីធ្វើសកម្មភាពផលិត រក្សាទុកនិងចែកចាយ រូបភាពនិង វីដេអូអាសអាភាសកុមារ នារីខ្មែរនិងបរទេស ធ្វើអាជីវកម្ម នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញទំនាក់ទំនង Telegram ក្នុងគោលបំណងរកប្រាក់ចំណូលពីការទាញយកអ្នកទស្សនានិង លក់វីដេអូទាំងនោះ ហើយប្រភពវីដេអូទាំងនោះខ្លួនបានទាញយកពីបណ្តាញសង្គមផ្សេងៗ ។
ក្រោយឃាត់ខ្លួនសាកសួរបញ្ចប់នីតិវិធី ជនសង្ស័យត្រូវបានបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានជនឆ្លៀតឱកាសបង្កើត Group Chat និង Channel Telegram ដើម្បីចែកចាយ រូបភាពអាសអាភាស និងមានពេលខ្លះមានរូបអាសអាភាសកុមារ ដែលជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ។ ដូច្នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅប្រធាននាយកដ្ឋាន បានព្រមាននឹងចាត់វិធានការបន្តទៀតចំពោះករណីល្មើសខាងលើនេះ៕ស តារា