ភ្នំពេញ៖ អយ្យការទូទាំងប្រទេសនឹងអនុវត្តវិធានការច្បាប់តឹងរឹងបំផុតសម្រាប់អ្នកបង្កើត និងផ្សព្វផ្សាយព័ត៌មានមិនពិត ករណីកូវីដ១៩ (Covid-19) នៅក្នុងប្រទេសកម្ពុជា ។ នេះបើយោងតាមលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ ។
លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីចូលរួមទប់ស្កាត់នូវព័ត៌មានមិនពិត ដែលកំពុងបង្កការភ័យខ្លាចដល់ពលរដ្ឋយើងនាពេលបច្ចុប្បន្ននេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដាក់ចេញនូវបទបញ្ជាឱ្យអយ្យការទូទាំងប្រទេស អនុវត្តនូវវិធានការច្បាប់តឹងរឹងបំផុត ចំពោះអ្នកដែលបង្កើត និងផ្សព្វផ្សាយនូវព័ត៌មានមិនពិតករណី Covid19»។
វិធានការរបស់ក្រសួងយុត្តិធម៌ បានធ្វើឡើងស្របពេលដែល បណ្តាញសង្គម និងអនឡាញមួយចំនួន បានផ្សព្វផ្សាយបំភ្លៃការពិតកាន់តែច្រើន ពាក់ព័ន្ធនឹងជំងឺកូវីដ នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋ មានការភ័យខ្លាចកាន់តែខ្លាំងលើជំងឹនេះ។
ទោះជាយ៉ាងនេះក្តី បើតាមការបញ្ជាក់របស់ ក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ តែ១ករណីប៉ុណ្ណោះ ក្នុងនោះ១ករណីលើខ្លួនជនជាតិចិន ដែលជាសះស្បើយ ហើយត្រឡប់ទៅប្រទេសចិនវិញ និងមួយករណីទៀត លើជនជាតិខ្មែរអាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប៕ សហការី