ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យឆាបឆេះលំនៅឋាន ២ខ្នងផ្សេងគ្នា នៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លំនៅឋានប្រជាពលរដ្ឋចំនួន ២ខ្នងផ្សេងគ្នា ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំង នៅគ្រាដែលប៉ុន្មានថ្ងៃនេះធាតុអាកាសក្ដៅខ្លាំង ។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ ករណីអគ្គីភ័យឆាបឆេះលំនៅឋានប្រជាពលរដ្ឋលើកទី១ បានកើតឡើងកាលពីវេលាម៉ោង៥ និង១៧នាទីល្ងាច ថ្ងៃអង្គរ ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ បណ្ដាលឲ្យផ្ទះទំហ៊ុំ ៤ម៉ែត្រ គុណនឹង ៥ម៉្រែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស្លឹក រនាបក្រាលក្ដា ឆេះអស់ទាំងស្រុងរួមទាំងសម្ភារៈ ឯកសារពាក់ព័ន្ធ និងទ្រព្យសម្បាតិផ្សេងៗផងដែរ ដែលបណ្ដាលមកពីការធ្វេសប្រហ័ស(ភ្លើងចង្រ្កាន) ម្ចាស់លំនៅឋានឈ្មោះ លឹម រស់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុសស្រីចំនួន ៣នាក់ក្នងបន្ទុកគ្រួសារ ។

របាយការណ៍ខាងលើបន្តថា លុះនៅវេលាម៉ោង៩ និង៤១នាទី យប់ថ្ងៃដដែល ស្ថិតក្នុងភូមិទី១ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីអគ្គីភ័យឆាបឆេះកើតឡើងម្ដងទៀត បណ្ដាលឲ្យរងការខូចខាតផ្ទះជាងជួសជុលម៉ាសុីនទំហ៊ុំ ៥ម៉្រែត្រ គុណនឹង ៨ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី រនាបក្រាលក្ដា លើពោងបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ម្ចាស់ឈ្មោះ ង្វៀង យាំុងតូក ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម ស្នាក់ភូមិ.ឃុំកើតហេតុ បណ្ដាលមកពីផ្ទុះធុងហ្គាា ។

ក្នុងរបាយការណ៍ដដែល ករណីគ្រោះអគ្គីភ័យខាងលើ មន្ត្រីជំនាញ.អាជ្ញាធរមូលដ្ឋានសហការចុះសួរនាំ ធ្វើកំណត់ត្រឹមត្រូវដើម្បីរាយការណ៍ សំខាន់ជាងនេះគ្មានមនុស្សរងរបួសនោះឡើយ ៕ បុឹម ពិន


ចែករំលែក៖