ខេត្ដឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរម្នាក់រួចផុតទោសពីបទឆ្លងដែនកាប់ឈើក្រញូងខុសច្បាប់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកប្រគល់អោយអាជ្ញាធរកម្ពុជា ដើម្បីអោយវិល ទៅស្រុកកំណើតវិញ កាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០តាមច្រកទ្វាអ ន្តរជាតិជាំស្រងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំ បានអោយដឹងថា ប្រជាពលរដ្ឋខ្មែរដែលត្រូវបានថៃបញ្ជូនមកស្រុកកំណើតវិញ គឺមានឈ្មោះ ង៉យ សុផានិត ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានបន្តថា ជនឈ្មោះ ង៉យ សុផានិត ត្រូវបានចាប់ខ្លួនថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ ពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង ដោយចូលតាមច្រកអូរស្វាយ ហើយត្រូវបានសមត្ថកិច្ចថៃ ចាប់យកទៅផ្ដន្ទាទោសតាមច្បាប់ប្រទេសថៃ យកទៅដាក់ពន្ធនាគារនៅខេត្តស៊ីសាកេត ប្រទេសថៃ ចាប់តាំងពីពេលនោះមករហូតថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ ទើបដោះលែងរួចបញ្ជូនមកប្រគល់អោយភាគីកម្ពុជាវិញ៕ប៉ែន នួន