កណ្ដាល ៖ បុរសម្នាក់ទៅមើលឈូកខ្លួនឯងនៅឯបឹង បានដើរជាន់ខ្សែលួសគេរាយឆក់កណ្ដុរដែលមានព្រុំក្បាលដីជាប់គ្នា បណ្ដាលឲ្យស្លាប់គួរឲ្យអាសូរ ។ ករណីនេះ បានបង្កឲ្យមានការភ្ញក់ផ្អើលឡើង នៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០ នៅចំណុចវាលបឹងឈូក ចុងព្រែកកុងរស់ ស្ថិតក្នុងភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ។
មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈន វី ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែ មុខបរកសិករ មានទីលំនៅភូមិព្រែកកំពង់ដរ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យជាម្ចាស់ដីឈ្មោះ ស្រ៊ី ភារ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ (រត់គេចខ្លួន) ។
ប្រភពដដែលបន្ដថា យោងតាមការសួរបំភ្លឺឈ្មោះ អិន ទូច ត្រូវជាប្រពន្ធជនរងគ្រោះ បានអោយដឹងថាៈ ប្តីរបស់គាត់ដែលជាជនរងគ្រោះ បានទៅមើលថែចំការឈូកជាប្រចាំ និងរាយខ្សែលួសព័ទ្ធជុំវិញដីចំការឈូកដើម្បីកុំអោយកណ្តុរចូលស៊ីឈូក ។ លុះនៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ១៩ ស្រាប់តែមានអ្នកជិតខាងបានមកប្រាប់ថាៈ ប្តីគាត់ត្រូវស្លាប់ដោយសារឆក់ចរន្តភ្លើងអាគុយឆក់កណ្ដុរស្លាប់បាត់ហើយនៅដីចំការឈូក លឺដូចនេះគាត់ជាប្រពន្ធ និងក្រុមគ្រួសារបានទៅមើលឃើញប្តីរបស់គាត់ស្លាប់ដោយសារឆក់ខ្សែលួសឆក់កណ្ដុររបស់ឈ្មោះស្រ៊ី ភារ៉ា នៅនឹងដីចំការឈូក ភ្លាមនោះក៏បានរាយការណ៍ទៅមេភូមិនិង ប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើការពិនិត្យ ។
. បន្ទាប់ពីទទួលបានពត៌មានកំលាំងជំនាញ បានធ្វើការពិនិត្យ ពិនិត្យឃើញថា សាកសពជនរងគ្រោះមានស្លាកស្នាមឆេះរោលខ្លោចខ្មៅ លើដើមដោះខាងស្តាំ ប្រវែង០៨ស.ម ទទឹង០៣ស.ម ស្នាមឆេះរោលខ្លោចខ្មៅលើដើមដៃខាងស្តាំ ប្រវែង០៧,៥ស.ម ស្នាមឆេះរោលខ្លោចខ្មៅលើកំភួនខាងឆ្វេង០៩ស.ម ទទឹង០៦ស.ម ជម្រៅដល់ឆ្អឹង ស្នាមឆេះលើម្រាមដៃទាំង៥ខាងឆ្វេង ។ ក្រៅពីស្លាកស្នាមនេះ ពុំមានស្លាកស្នាមអ្វីទៀតឡើយ ។ ការសន្និដ្ឋាន របស់លោកគ្រូពេទ្យ និងផ្នែកជំនាញជនរងគ្រោះ ស្លាប់ដោយឆក់ចរន្តភ្លើងឆក់កណ្ដុរពិតប្រាកដមែន។ បន្ទាប់ពិនិត្យរួច សាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ស្អាង ជ័យ