ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ មន្ទីរសាធារណការខេត្តតាកែវចាក់ស្តើងស៊ីក្រាស់

ចែករំលែក៖

ក្នុងនាមប្រជាពលរដ្ឋរស់នៅក្រុងដូនកែវ ខេត្តតាកែវ មើលស្ថានភាពផ្លូវជាតិលេខ ២ ដែលកំពុងជួសជុលដោយដុំ ដោយកន្លែង ជាពិសេសផ្លូវក្នុងក្រុង គួរឲ្យអស់សំណើចខ្លាំងណាស់ គឺដូចដែលពាក្យមហាជនខ្មែរតែងតែលើកថា «ចាក់ស្តើងស៊ីក្រាស់» ពោលគឺការចាក់កៅស៊ូប្រភេទ AC គឺគ្រាន់តែយកកៅស៊ូទៅរោយលើថ្មតែប៉ុណ្ណោះ។ ក្នុងនាមប្រជាពលរដ្ឋមិនដឹងថា ជារូបមន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតម្រូវឲ្យមន្ទីរសាធារណការខេត្តតាកែវធ្វើយ៉ាងនេះ ឬយ៉ាងណានោះទេ?
ក្នុងនាមប្រជាពលរដ្ឋរស់នៅក្រុងដូនកែវ ទទូចសុំឲ្យមន្រ្តីជំនាញនៃមន្ទីរសាធារណការ មេត្តាចុះជួយពិនិត្យមើលលើការជួសជុលពង្រីកផ្លូវនៅក្រុងដូនកែវ ដោយក្រុមហ៊ុន ម៉ៅការផ្តាច់ ក្នុងខេត្តតាកែវនោះផង ពីព្រោះស្ថានភាពនៃការចាក់កៅស៊ូប្រភេទ AC ដូចជាស្តើងខ្លាំងណាស់ ស្តើងទាល់តែរបើកថ្មចេញមកភ្លាមៗ។ នៅលើកំណាត់ផ្លូវជាតិ សំខាន់ការចាក់កៅស៊ូប្រភេទ AC មានកម្រាស់ពី១តឹក ទៅ២តឹកឯណោះ។ ចំណែកការជួសជុលកែលម្អផ្លូវក្នុងក្រុងដូនកែវ គឺមានការចាក់កៅស៊ូប្រភេទ AC នោះដែរ តែវាស្តើងខ្លាំងណាស់។ ប្រការនេះប្រហែលជាក្រុមហ៊ុនទទួលគម្រោងពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តចំណេញតិចពេកមើលទៅ។ ម្យ៉ាងទៀតមិនដឹងថាតើមានការ ត្រួតពិនិត្យចំពោះការចាក់កៅស៊ូប្រភេទ AC នេះឬយ៉ាងណាទេ។
ចំណែកឯការពង្រីកផ្លូវសងខាង១ខ្សែទៀត នៅជួរមាត់បឹងតាកែវ មិនទាន់បានប៉ុន្មានផង​ ស្រាប់តែផ្លូវកៅស៊ូប្រភេទ AC នេះមានធ្លុះរន្ធ ប្រហោងចូលទៅក្រោមដី
ទៅហើយ។ រីឯស្ថានភាពផ្លូវមានទឹករលក ដែលផ្លូវនេះមិនអនុញ្ញាតឲ្យមានរថយន្តធុន ធ្ងន់បើកបរឆ្លងកាត់នោះផង។ ក្នុងនាមប្រជាពលរដ្ឋរស់នៅក្រុងដូនកែវ ហាក់ដូចជា បាត់បង់ជំនឿទៅលើការកសាងហេដ្ឋារចនាសម័្ពន្ធក្នុងខេត្ត ដែលធ្វើឲ្យបាត់បង់ថវិកា​ជាតិយ៉ាងសម្បើម។ យើងខ្ញុំមិនដឹងថាតើវាជាប្រព័ន្ធនៃការឃុបឃិតគ្នា ក្នុងការអនុញ្ញាត ឲ្យមានការ «ចាក់ស្តើងស៊ីក្រាស់» ចាប់ពីថ្នាក់ណានោះទេ ប៉ុន្តែរឿងនេះ ក្រៅតែពីសាលា ខេត្តតាកែវក្រោមការទទួលខុសត្រូវរបស់លោក អ៊ូច ភា ក៏មានការចូលរួមពីមន្ទីរ សាធារណការ និងដឹកជញ្ជូន និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។
ក្នុងនាមប្រជាពលរដ្ឋរស់នៅខេត្តតាកែវមួយរូប សូមគោរពអញ្ជើញជូនលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាចំណាយ​ពេលវេលា ទៅមើលផ្លូវនៅក្រុងដូនកែវ ដែលគេទើបតែចាក់កៅស៊ូ AC ថ្មីៗនោះផង ថាតើវាត្រឹម ត្រូវតាមបទដ្ឋានបច្ចេកទេសដែរឬទេ? ឬមួយវាដូចប្រជាពលរដ្ឋនិយាយថា «ចាក់ស្តើងស៊ីក្រាស់» ឬយ៉ាងណា? ខ្ញុំបាទសង្ឃឹមថា ក្រសួងសាធារណការ និងដឹក​ជញ្ជូនមិនធ្វើ ឲ្យប្រជាពលរដ្ឋក្រុងដូនកែវបាក់ទឹកចិត្ត, ខូចទឹកចិត្ត ព្រោះតែការស្ថាបនា​ផ្លូវបែប «ចាក់ស្តើង ស៊ីក្រាស់» យ៉ាងនេះឡើយ៕
ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖