ក្នុងនាមប្រជាពលរដ្ឋរស់នៅក្រុងដូនកែវ ខេត្តតាកែវ មើលស្ថានភាពផ្លូវជាតិលេខ ២ ដែលកំពុងជួសជុលដោយដុំ ដោយកន្លែង ជាពិសេសផ្លូវក្នុងក្រុង គួរឲ្យអស់សំណើចខ្លាំងណាស់ គឺដូចដែលពាក្យមហាជនខ្មែរតែងតែលើកថា «ចាក់ស្តើងស៊ីក្រាស់» ពោលគឺការចាក់កៅស៊ូប្រភេទ AC គឺគ្រាន់តែយកកៅស៊ូទៅរោយលើថ្មតែប៉ុណ្ណោះ។ ក្នុងនាមប្រជាពលរដ្ឋមិនដឹងថា ជារូបមន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតម្រូវឲ្យមន្ទីរសាធារណការខេត្តតាកែវធ្វើយ៉ាងនេះ ឬយ៉ាងណានោះទេ?
ក្នុងនាមប្រជាពលរដ្ឋរស់នៅក្រុងដូនកែវ ទទូចសុំឲ្យមន្រ្តីជំនាញនៃមន្ទីរសាធារណការ មេត្តាចុះជួយពិនិត្យមើលលើការជួសជុលពង្រីកផ្លូវនៅក្រុងដូនកែវ ដោយក្រុមហ៊ុន ម៉ៅការផ្តាច់ ក្នុងខេត្តតាកែវនោះផង ពីព្រោះស្ថានភាពនៃការចាក់កៅស៊ូប្រភេទ AC ដូចជាស្តើងខ្លាំងណាស់ ស្តើងទាល់តែរបើកថ្មចេញមកភ្លាមៗ។ នៅលើកំណាត់ផ្លូវជាតិ សំខាន់ការចាក់កៅស៊ូប្រភេទ AC មានកម្រាស់ពី១តឹក ទៅ២តឹកឯណោះ។ ចំណែកការជួសជុលកែលម្អផ្លូវក្នុងក្រុងដូនកែវ គឺមានការចាក់កៅស៊ូប្រភេទ AC នោះដែរ តែវាស្តើងខ្លាំងណាស់។ ប្រការនេះប្រហែលជាក្រុមហ៊ុនទទួលគម្រោងពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តចំណេញតិចពេកមើលទៅ។ ម្យ៉ាងទៀតមិនដឹងថាតើមានការ ត្រួតពិនិត្យចំពោះការចាក់កៅស៊ូប្រភេទ AC នេះឬយ៉ាងណាទេ។
ចំណែកឯការពង្រីកផ្លូវសងខាង១ខ្សែទៀត នៅជួរមាត់បឹងតាកែវ មិនទាន់បានប៉ុន្មានផង ស្រាប់តែផ្លូវកៅស៊ូប្រភេទ AC នេះមានធ្លុះរន្ធ ប្រហោងចូលទៅក្រោមដី
ទៅហើយ។ រីឯស្ថានភាពផ្លូវមានទឹករលក ដែលផ្លូវនេះមិនអនុញ្ញាតឲ្យមានរថយន្តធុន ធ្ងន់បើកបរឆ្លងកាត់នោះផង។ ក្នុងនាមប្រជាពលរដ្ឋរស់នៅក្រុងដូនកែវ ហាក់ដូចជា បាត់បង់ជំនឿទៅលើការកសាងហេដ្ឋារចនាសម័្ពន្ធក្នុងខេត្ត ដែលធ្វើឲ្យបាត់បង់ថវិកាជាតិយ៉ាងសម្បើម។ យើងខ្ញុំមិនដឹងថាតើវាជាប្រព័ន្ធនៃការឃុបឃិតគ្នា ក្នុងការអនុញ្ញាត ឲ្យមានការ «ចាក់ស្តើងស៊ីក្រាស់» ចាប់ពីថ្នាក់ណានោះទេ ប៉ុន្តែរឿងនេះ ក្រៅតែពីសាលា ខេត្តតាកែវក្រោមការទទួលខុសត្រូវរបស់លោក អ៊ូច ភា ក៏មានការចូលរួមពីមន្ទីរ សាធារណការ និងដឹកជញ្ជូន និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។
ក្នុងនាមប្រជាពលរដ្ឋរស់នៅខេត្តតាកែវមួយរូប សូមគោរពអញ្ជើញជូនលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាចំណាយពេលវេលា ទៅមើលផ្លូវនៅក្រុងដូនកែវ ដែលគេទើបតែចាក់កៅស៊ូ AC ថ្មីៗនោះផង ថាតើវាត្រឹម ត្រូវតាមបទដ្ឋានបច្ចេកទេសដែរឬទេ? ឬមួយវាដូចប្រជាពលរដ្ឋនិយាយថា «ចាក់ស្តើងស៊ីក្រាស់» ឬយ៉ាងណា? ខ្ញុំបាទសង្ឃឹមថា ក្រសួងសាធារណការ និងដឹកជញ្ជូនមិនធ្វើ ឲ្យប្រជាពលរដ្ឋក្រុងដូនកែវបាក់ទឹកចិត្ត, ខូចទឹកចិត្ត ព្រោះតែការស្ថាបនាផ្លូវបែប «ចាក់ស្តើង ស៊ីក្រាស់» យ៉ាងនេះឡើយ៕
ប្រជាពលរដ្ឋម្នាក់