ព័ត៌មានទាន់ហេតុការណ៍៖

សម្រេចបិទសាលា​រៀន CIS សាខាកោះពេជ្រ បន្ទាប់ពីគ្រូបង្រៀននៅសាលាឆ្លង​ COVID-19​

ចែករំលែក៖

ភ្នំពេញ ៖ ពាក់ព័ន្ធប្រកាសបិទសាលារៀន CIS សាខាកោះពេជ្រ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងប្រាប់អ្នកសារព័ត៌​មានព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះថា «សម្រាប់សាលា CIS សាខាកោះពេជ្រ ក្រសួងបានសម្រេចហើយ គឺស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា ឲ្យធ្វើការបិទ​បណ្តោះអាសន្ន ហើយត្រូវមានការអនុវត្តន៍នូវការសំអាត ហើយអ្នកគ្រូ លោកគ្រូ ក៏ដូចជាសិស្សានុសិស្សដែលរៀននៅសាលានោះ សូមបន្តតាមដាននូវសុខភាពផ្ទាល់ខ្លួន ក្នុងរយៈពេល១៤ថ្ងៃ ហើយក្រុមការងារ អ្នកស្រាវជ្រាវក្រសួងសុខាភិបាល នឹងធ្វើការងារបន្តទៀត ដើម្បីស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប៉ះពាល់ប្រយោល ដើម្បីចាត់វិធានការបន្តទៀត»។

លោកស្រីបានឲ្យដឹងថា បុរសជនជាតិកាណាដា វ័យ៤៩ឆ្នាំ ដែលរកឃើញមាន Covid-19 នោះ (ម្នាក់ក្នុងចំណោមមនុស្សពីរនាក់ដែលក្រសួងប្រកាសកាលពីម្សិលមិញ) បានធ្វើដំណើរមកពីប្រទេសថៃ មកកម្ពុជា នៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។

ក្រោយពីត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ គាត់មានអាការៈមិនស្រួលខ្លួន ក៏ទំនាក់ទំនងក្រុមគ្រូពេទ្យពិនិត្យ។ នៅថ្ងៃទី១២ ក្រុមគ្រូពេទ្យបានពិនិត្យ និងយកសំណាកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស័រកម្ពុជា ហើយមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ទើបលទ្ធផលបញ្ជាក់ថា បុរសនោះមានផ្ទុកវីរុស Covid-19។

លោកស្រី បញ្ជាក់ថា បន្ទាប់ពីរកឃើញថាមាន Covid-19 ហើយបរុសជនជាតិកាណាដារូបនេះ បានរស់នៅក្នុងផ្ទះមួយ ជាមួយកូន២នាក់ ដែលត្រូវឲ្យក្រុមគ្រូពេទ្យត្រូវយកសំណាករបស់កូនៗទាំង២នាក់នោះ ទៅធ្វើតេស្តពិនិត្យរក Covid-19 ផងដែរ ដែលមកដល់នេះក្រសួងសុខាភិបាល កំពុងរង់ចាំលទ្ធផល។

លោកស្រី ឱ វណ្ណឌីន បន្ថែមទៀតថា ដោយសារសំណូមពរយ៉ាងទទូចសូមធ្វើការព្យា​បាលនៅផ្ទះ ព្រោះកូនៗរបស់គាត់គ្មានអ្នកមើលថែនោះ និងកំពុងរង់ចាំលទ្ធផលធ្វើតេស្តលើកូនៗរបស់គាត់ផងដែរ ក្រសួងសម្រេចដាក់បុរសកាណាដា នៅផ្ទះដាក់ដោយ​ឡែកតែឯង ដោយមិនឲ្យគាត់ចេញទៅណាឡើយ ដោយក្រុមគ្រូពេទ្យបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ហើយប្រសិនបើមានការវិវត្តថ្មីបន្ថែមទៀត ក្រសួងនឹងធ្វើការដោះស្រាយ ចាត់វិធានការថ្មីៗបន្ថែមទៀត។

លោកស្រីបន្តថា សម្រាប់ករណីរកឃើញជំងឺ Covid-19 លើជនជាតិប៊ែលហ្ស៊ិក ដែលជាបុគ្គលិកនៃអង្គការអន្តជាតិមួយ ដោយសារមានសំណើរពីអង្គការសុខភាពពិភព​លោក ដោយមានការស្នើសុំពីសហគមន៍អន្តរជាតិ ស្នើសុំយ៉ាងទទូចនោះមិនឲ្យក្រសួងផ្សព្វផ្សាយជាសធារណៈនូវអត្តសញ្ញាណ និងទីតាំងធ្វើការជាក់លាក់របស់បុគ្គលនោះ ក្រសួងសុខាភិបាលក៏សុំអភ័យទោសផងដែរ ដោយត្រូវធ្វើតាមការស្នើសុំរបស់អន្តរ​ជាតិ។

លោកស្រីបញ្ជាក់ថា ជនជាតិប៊ែលហ្ស៉ិកដែលរកឃើញជំងឺ Covid នេះ គាត់បានអនុ​វត្តន៍នូវការការពារមិនឲ្យមានការចម្លងជំងឺចេញទៅក្រៅផងដែរ ហើយបច្ចុប្បន្នជនជាតិប៊ែលហ្ស៊ិកនេះ ក្រសួងត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្ត​ភាពខ្មែរ-សូវៀតផងដែរ។

លោកស្រី វណ្ឌឌីន បញ្ជាក់ថា ការឃើញជំងឺលើជនជាតិប៊ែលហ្ស៊ិកនេះ ធ្វើឡើងបន្ទាប់​ពី​គាត់ធ្វើដំណើរត្រឡប់មកពីប្រទេសក្នុងតំបន់អឺរ៉ុប ក៏មានអាការៈមិនស្រួលខ្លួន ក៏ឲ្យក្រុមគ្រូពេទ្យធ្វើតេស្ត ក៏ឃើញលទ្ធផលវិជ្ជមាន ៕ សហការី


ចែករំលែក៖