សមាគមវាយកូនបាល់ពិភពលោក(តឺន្នីស) WTA បានពន្យារពេលការប្រកួតកីឡាវាយតឺន្នីសដោយសារតែ បញ្ហាសុខភាព និងសុវត្ថិភាពនៃការឆ្លងវីរុសកូរ៉ូណាកាន់តែកើនឡើង។
រាល់ការប្រកួតទាំងអស់ដូចជា ATP Tour និង ATP Challenger Tour ត្រូវបានលុបចោលរហូតដល់ថ្ងៃទី២០ ខែមេសា។
WTA បានបញ្ជាក់ថា ការប្រកួតណាមួយត្រូវបានធ្វើឡើងយ៉ាងហោចណាស់៥សប្តាហ៍ ដោយព្រឹត្តិការណ៍ ITF នឹងត្រូវរង់ចាំរហូតដល់ថ្ងៃទី២០ ខែមេសា។ លោក Andrea Gaudenzi ប្រធាន ATP បាននិយាយថា“ នេះមិនមែនជាការសម្រេចចិត្តដោយឯកឯងនោះទេ គឺជាការព្រួយបារម្ភសម្រាប់ទាំងអស់គ្នា ទាំងកីឡាករនិងអ្នកគាំទ្ររបស់យើងនៅទូទាំងពិភពលោក“ ។
លោក Gaudenzi បានបន្តថា ទោះយ៉ាងណាយើងជឿជាក់ថានេះគឺជាសកម្មភាពប្រកបដោយការទទួលខុស ត្រូវដែលត្រូវការនៅពេលនេះដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់កីឡាករ បុគ្គលិកសហគមន៍កីឡាវាយកូនបាល់និងសុខភាពសាធារណៈទូទៅនៅចំពោះមុខការរីករាលដាលនៃជំងឺកូរ៉ូណានេះ។ WTA បានបង្ហាញការស្ទាក់ស្ទើរជាងកម្មវិធីកីឡាផ្សេងៗក្នុងការពន្យារពេល ដែលការប្រកួតនៅ Miami, Guadalajara, Charleston និង Bogota ត្រូវបានផ្អាកទាំងអស់នឹងមិនមានការលេងយ៉ាងហោចណាស់ ៥ប្តាហ៍។
សេចក្តីថ្លែងការណ៍រួមរបស់ WTA បានបន្ថែមថា កម្មវិធីប្រកួតនឹងធ្វើការសម្រេចចិត្តអំពីលទ្ធភាពនៃរដូវកាល នៅអឺរ៉ុបដែលចាប់ផ្តើមនៅថ្ងៃទី ២០ ខែមេសា ប្រសិនបើស្ថានភាពនៃវីរុសនេះទទួលបានការទប់ស្កាត់។
សូមបញ្ជាក់ថា កម្មវិធីប្រកួតវាយតឺន្នីស Miami Open និងការប្រកួតដណ្តើមពានរង្វាន់ Fed Cup ត្រូវបានលុបចោលកាលពីថ្ងៃ១៣ ខែមីនា ។ ការផ្អាកនេះគឺក្រោយពេលការប្រកួតកីឡាបាល់ទាត់នៅតំបន់អឺរ៉ុប បានចេញសេចក្តីប្រកាសផ្អាកកាលពីថ្ងៃទី១៣ ខែមីនាដែរ ប៉ុន្តែការផ្អាកការប្រកួតសម្រាប់កីឡាវាយតឺន្នីសគឺអាចមានរយៈពេលយូរជាងការប្រកួតកីឡាបាល់ទាត់ ៕ ភារៈ