ខេត្តកំពង់ចាម ៖ តូបលក់ដូរនៅជុំវិញផ្សារបឹងកុក កាលពីយប់មិញត្រូវអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ ក្នុងកម្រិតធំធេង ខណៈមូលហេតុត្រូវបានគេសង្ស័យទុស្សេខ្សែភ្លើង ។ នេះបើតាមរបាយការណ៍បឋមពីសមត្ថកិច្ចកើតឡើងនៅវេលាម៉ោង២៣៖៣០នាទីយប់ ថ្ងៃសុក្រទី១៣ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្សារបឹងកុក ភូមិទី៧ ឃុំបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
តាមប្រភពព័ត៌មានឲ្យដឹងថា ក្នុងហេតុការណ៍អគ្គិភ័យកាលពីយប់មិញ លោក អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ទោ ឯម កុសល បានដឹកនាំបញ្ជាផ្ទាល់ឲ្យកម្លាំងផ្នែកជំនាញក្រុមពន្លត់អគ្គិភ័យចេញរថយន្តបន្ទាន់ ក្នុងនោះរថយន្តខាងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ១គ្រឿង, បាធាយ២គ្រឿង, ព្រៃឈរ ២គ្រឿង, កំពង់សៀម១គ្រឿង ,ចំការលើ១គ្រឿង, កងមាស ១គ្រឿង, ស្ទឹងត្រង់ ១គ្រឿង និងកោះសូទិន១គ្រឿង ចេញប្រតិបត្តិជាបន្ទាន់ ដោយមានការដឹកនាំមកពីសំណាក់លោកអធិការ-អធិការរងដោយផ្ទាល់ផងដែរ ។ ក្នុងស្ថានភាពជាក់ស្តែងដោយសារតែវិសាលភាព នៃការឆេះទំហំធំធេងពេក លោកឧត្តមសេនីយ៍ស្នងការបានសុំការជួយការអន្តរាគមន៍ទៅលោកស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកក៏បានជួយសម្រួលផ្ដល់ជូនរថយន្តអគ្គីភ័យរបស់ខេត្តត្បូងឃ្មុំ ចំនួន៤គ្រឿងបន្ថែមទៀត ។
សរុបរថយន្តដែលប្រើប្រាស់ ក្នុងប្រតិបត្តិការនេះ គឺមានចំនួន១៧គ្រឿង ប្រើទឹកអស់ ៣៦សឺទែន និងប្រើប្រាស់កម្លាំងអន្តរាគមន៍វេនប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្ត,កម្លាំងផែនសណ្ដាប់ធ្នាប់, អគ្គិភ័យ, កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម សរុបរួម១៩២នាក់ ។ ករណីអគ្គិីភ័យឆេះនេះ កម្លាំងអាជ្ញាធរសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង១៖៣៥នាទីទៀបភ្លឺ ដែលប្រតិបត្តិការនេះចំណាយអស់រយៈពេល ជាង២ម៉ោង ។
សូមបញ្ជាក់ថា ករណីឆេះតូបនៅជុំវិញផ្សារបឹងកុកខាងលើនេះ មិនទាន់អាចបញ្ជាក់ប្រាប់ពីទំហំនៃការខូចខាត និង ដើមហេតុនៅឡើយ ខណៈបានត្រឹមសង្ស័យទុស្សេខ្សែភ្លើង និងរង់ចាំសមត្ថកិច្ចជំនាញធ្វើការសនិ្នដ្ឋាន និងវាយតម្លៃពេលក្រោយ ៕ ដោយ ៖ វណ្ណៈ