ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចចម្រុះ សហការជាមួយ មន្ត្រីអង្គការការពារ និងអភិរក្សសត្វព្រៃឈើ និងជលផលកម្ពុជា ប្រចាំមូលដ្ឋានស្ទាក់ចាប់បានឈើមូលចម្រុះមានទំហំចុង ១តឹក ប្រវែងពី ៦ទៅ ៨ម៉ែត្រ ចំនួន ៥គោយន្ត ដែលជនខឹលខូចបានកាប់ និងដឹកចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងឃុំជៀប ស្រុកទឹកផុស។
ប្រតិបត្តិការបង្រ្កាបនេះប្រព្រឹត្តទៅកាល វេលាម៉ោង ៣ទៀបភ្លឺឈានចូលព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចភ្នំអង្គ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស និងបានប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង រក្សាទុកក្នុងផ្នែករដ្ឋបាលព្រៃឈើរមាស ដើម្បីចាត់ការតាមនិតិវិធីច្បាប់ស្តីពីព្រៃឈើ។
លោក ស៊ឹម សារ៉ាត់ នាយកអង្គការការពារនិងអភិរក្សសត្វព្រៃឈើ និងជលផលកម្ពុជា ប្រចាំខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដោយពិនិត្យឃើញបទល្មើសព្រៃឈើ ដែលបានកាប់និងដឹកជញ្ជូនឈើមូល ឈើអារគ្រប់ប្រភេទ ពីដែនជំរកសត្វព្រៃ ឆ្លងកាត់ឃុំជៀប ជារៀងរាល់យប់ ពុំមានសមត្ថកិច្ចមូលដ្ឋានបង្ក្រាប ទើបលោកបានឲ្យមន្ត្រីរបស់លោកចេញឃ្លាំមើលសកម្មភាពបទ ល្មើសពេញមួយថ្ងៃ រហូតដល់យប់ថ្ងៃទី១៦ និងឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ ទើបសហការជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត និងមន្ត្រីនគរបាលប្រឆាំងបទល្មើលសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តដោយសម្ងាត់ ទើបស្ទាក់ចាប់បានគោយន្តចំនួន ៥គ្រឿង ដោយចាប់បាននៅចំណុចភ្នំអង្គ ឃុំអភិវឌ្ឍន៍ ហើយសមត្ថកិច្ចចម្រុះ ក៏បានប្រគល់ឲ្យលោក ពារ គឹមហេង នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង រក្សាទុកនៅក្នុងផ្នែករដ្ឋបាលព្រៃឈើរមាស ចំណាត់ការតាមនីតិវិធី។
លោកវរសេនីយឯក ហង់ សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដែលជាអ្នកដឹកនាំ និងសហការបង្ក្រាបបទល្មើសព្រៃឈើនេះ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ ដែលបានសហការបង្ក្រាបករណីខាងលើនេះរួមមាន៖ មន្រ្តីកងរាជអាវុធហត្ថខេត្ត ៧នាក់ មន្ត្រីនគរបាលសេដ្ឋកិច្ចខេត្ត ៣នាក់ មន្ត្រីអង្គការការពារ និងអភិរក្សព្រៃឈើ ៥នាក់ ប្រើប្រាស់រថយន្តចំនួន ៤គ្រឿង និងម៉ូតូ ៤គ្រឿង ជាលទ្ធផលចាប់បានគោយន្តចំនួន ៥គ្រឿង ដឹកឈើមូលចំរុះចំនួន ២៦៩ដើម ប្រគល់ឲ្យមន្ត្រីជំនាញ។
ដោយឡែក ម្ចាស់គោយន្តទាំង៥នាក់រួមមាន៖
*ឈ្មោះ ឌុច សឿម អាយុ២៥ឆ្នាំ
*ឈ្មោះ ជុំ វី អាយុ២៧ឆ្នាំ
*ឈ្មោះ ឌុច ផា អាយុ៥៥ឆ្នាំ
*ឈ្មោះ យន ជិន អាយុ៣៤ឆ្នាំ
*ឈ្មោះ ហួត គុន អាយុ៣៩ឆ្នាំ។ ពួកគេទាំង ៥នាក់ រស់នៅភូមិតានៃ ឃុំជៀប ស្រុកទឹកផុស។
នៅចំពោះមុខសមត្ថកិច្ចចម្រុះ និងចំពោះមុខអ្នកយកព័ត៌មាន ម្ចាស់គោយន្តខាងលើបាននិយាយឲ្យដឹងថា ពួកគាត់បានទៅកាប់ឈើទាំងនេះនៅចំណុចភ្នំតោម ក្នុងដែនជំរកសត្វដឹកយកទៅលក់នៅ ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ដែលក្នុង ១ដើមលក់បានថ្លៃ ១៥០០០រៀល គឺគេទិញទៅអារជ្រៀកធ្វើជាគ្រឿងផ្ទះលក់បន្ត។ ប៉ុន្តែក្នុងការដឹកជញ្ជូនឈើនេះ ពីឃុំជៀបរហូត ដល់ឃុំក្រាំងល្វា ត្រូវបង់លុយឲ្យមន្ត្រីតាមដងផ្លូវជាហូរហែរ សរុបប្រមាណ ២០កន្លែង ទើបដឹកឈើដល់គោលដៅ ដែលក្នុងមួយគោយន្តត្រូវចំណាយអស់ប្រាក់ជាច្រើន ទើបអាចដឹកឈើទៅបាន។
លោក ពារ គឹម ហេង នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ពេលទទួលយកគោយន្តទាំង ៥គ្រឿងនេះ រក្សាទុកក្នុងផ្នែករដ្ឋបាលព្រៃឈើរមាស បាននិយាយឲ្យដឹងថា បទល្មើសនេះតាមច្បាប់គឺត្រូវផាកពិន័យអន្តរកាល និងដកហូតឈើទុកជាសម្បត្តិរដ្ឋ ចំណែកគោយន្តពេលម្ចាស់ឈើបង់ការផាកពិន័យរួច នឹងប្រគល់ឲ្យម្ចាស់វិញ។ ប៉ុន្តែករណីនេះ បើម្ចាស់ឈើឬម្ចាស់គោយន្តមិនចូលខ្លួនមកបង់ពិន័យតាមផ្លូវច្បាប់ក្នុងរយៈពេល ១៥ថ្ងៃទេនោះ ជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ធ្វើការសម្រេចរឹបអូសយកវត្ថុតាងទាំងអស់ទុកជាសម្បត្តិរដ្ឋតែម្តង៕
គួរបញ្ជាក់ថា តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គឺក្នុង១ យប់ៗ មានគោយន្តមិនក្រោមពី២០ ទៅ ៣០គ្រឿងទេ ដែលបានធ្វើសកម្មភាពដឹកជញ្ជូនឈើគ្រប់ប្រភេទ ទាំងឈើគ្រឿងផ្ទះអាររួចស្រេចផងដែរ ប៉ុន្តែកន្លងមកគឺមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ជាអ្នករត់ការនិងមើលផ្លូវឲ្យ គឺឃុបឃិបឲ្យគេដឹកជញ្ជូនឈើយ៉ាងរលូនបែបនេះយូរខែមកហើយ មិនធ្វើការបង្ក្រាបឡើយ ។
ហេតុនេះហើយ ទើបមន្ត្រីអង្គការការពារព្រៃឈើ ដែលដឹងរឿងនេះ ត្រូវតែរាយការណ៍ និងសហការជាមួយសមត្ថកិច្ចថ្នាក់ខេត្តដោយសម្ងាត់បំផុត ទើបចុះមកបង្ក្រាបបានជោគជ័យដូចខាងលើនេះ។ តែទោះបីបែបនេះក៏ដោយ ក៏នៅក្នុងកិច្ចការបង្ក្រាបខាងលើនេះ មានគោយន្តចំនួន ៨គ្រឿងទៀត ក្នុងពេលបង្ក្រាប ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍មូលដ្ឋាន ជារនុកក្នុងបាននាំគោយន្តទាំងនោះ គេចបាត់៕សហការី