ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំការចុះល្បាតនៅក្នុងភូមិសាស្រ្ត ដែនជម្រកសត្វព្រៃកែវសីមា ដោយមានការចូលរួមពីលោកអភិបាលស្រុកកែវសីមា, លោកមេឃុំស្រែខ្ទុម, មេភូមិអូរអាម, នគរបាល, អាវុធហត្ថ, លោកប្រធានមន្ទីរបរិស្ថាន, លោកប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា និងមន្រ្តីឧទ្យានុរក្ស។
ការចុះល្បាតរួមគ្នានេះក្នុងគោលបំណងពិនិត្យស្ថានភាពក្នុងដែនជម្រកសត្វព្រៃកែវសីមា ពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រង និងបង្កើនសកម្មភាពល្បាតរួមគ្នារវាងក្រសួងបរិស្ថាន និងអាជ្ញាធរស្រុកកែវសីមា ដោយចាប់ផ្ដើមការល្បាតចាប់ពីចំណុចស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា ទៅកាន់ភូមិសាស្រ្តភូមិអូរអាមជាទីតាំងហ្វូងសត្វដំរីធ្លាក់ក្នុងរណ្ដៅនិងជាទីតាំងគ្រោងរៀបចំជាទីលានចាក់សំរាម រួចឆ្ពោះទៅកាន់ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរជុំ និងបន្តការល្បាតទៅកាន់ភូមិសាស្រ្តអូរហ៊ុច និងបណ្ដោយផ្លូវខ្សែក្រវ៉ាតព្រំដែនកម្ពុជា-វៀតណាម៕សហការី